មឈូស​សាក​សព​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល​ត្រៀម​បញ្ជូន​ត្រឡប់​​ទៅ​ប្រទេស​កំណើត​វិញ​​ ខណៈ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​

196

ប្រេស៊ីល៖ ការត្រៀមរៀបចំនានាត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីបញ្ជូនសាកសពកីឡាករបាល់ទាត់ប្រេស៊ីល និងពលរដ្ឋបូលីវីដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី កាលពីដើមសប្ដាហ៍នេះ ត្រឡប់ទៅកាន់មាតុប្រទេសរបស់ពួកគេវិញ។

f17

ក្នុងពិធីបុណ្យសពធ្វើឡើងនៅទីក្រុងម៉េឌីលីនជាទីយន្តហោះធ្លាក់ ទង់មានស្លាកសញ្ញាសម្គាល់ក្រុម និងខ្សែបូរួមជាមួយឈ្មោះរបស់កីឡាករផងនោះ ត្រូវបានរុំដណ្ដប់លើមឈូសរាប់សិប រង់ចាំការដឹកជញ្ជួនត្រឡប់ទៅកាន់ប្រទេសប្រេស៊ីលវិញ។ សមាជិកក្រុមគ្រួសារដែលបានឈរមើលដំណើរការរៀបចំនេះនៅតែតក់ស្លុត ចំពោះសោកនាដកម្មដែលបានសម្លាប់មនុស្ស ៧១នាក់ រួមទាំងក្រុមកីឡាករបាល់ទាត់ក្លឹបឆាប៉េកូអិនសេរបស់ប្រេស៊ីលផងដែរ។ លោក រ៉ូប៊តឌឺ ម៉ាក ដែលជាសាច់ញាតិរបស់សមាជិកក្រុមបាល់ទាត់បាននិយាយថា អ្វីដែលសំខាន់ជាងគេបំផុតនៅពេលនេះ គឺត្រូវនាំសាកសពត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ លោកនឹងនាំបងប្អូនរបស់ពួកលោកទៅផ្ទះ ព្រោះការរង់ចាំនេះគឺជារឿងអាក្រក់បំផុត។ អាជ្ញាធរកូឡុំប៊ីកំពុងជួយអស់ពីដៃពីជើងក្នុងការបញ្ជូនសាកសពត្រឡប់ទៅវិញ ហើយអាជ្ញាធរបូលីវីក៏ដូចគ្នា។

លោក កាឡូស អេឌូដូ ប្រធានវិទ្យាស្ថានជាតិវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រនៅក្នុងទីក្រុងបូកូតាបាននិយាយថា សាកសពទាំងនេះត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ហើយ។ ចំណែកលោក Freddy Bonilla រដ្ឋលេខាធិការ ផ្នែកសន្តិសុខហោះហើរ នៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា អ្នកស៊ើបអង្កេតនៅកន្លែងយន្តហោះធ្លាក់លើតំបន់ព្រៃភ្នំខាងក្រៅទីក្រុងម៉េឌីលីន មិនបានរកឃើញស្លាកស្នាមសាំងក្នុងបំណែកយន្តហោះ BAe 146 ផលិតដោយក្រុមហ៊ុន BAE Systems Plc របស់ចក្រភពអង់គ្លេសនេះទេ។ រីឯលោក ហ្គូស្តាវ៉ូ វ៉ាហ្គាស ប្រធានការិយាល័យប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ LAMIA បាននិយាយកាលពីថ្ងៃពុធថា យន្តហោះត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ មុនចេញដំណើរហើយក៏គួរតែមានសាំងល្មមប្រមាណជាង ៤ម៉ោងកន្លះដែរ៕
អត្ថបទ៖ សុខមាន