ស្រុក​ចំនួន​២​ របស់​ខេត្ត​បន្ទាយមានជ័យ​ ​ត្រូវ​បាន​បើក​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត

316

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពដែល ក្រុម ប្រឹក្សាខេត្តសម្រេចបានក្នុងឆ្នាំ២០១៦ និងផែនការសម្រាប់អនុវត្តន៍ឆ្នាំ២០១៧ ស្រុកចំនួន២ នៅខាងជើងខេត្តបន្ទាយមានជ័យ ត្រូវបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។

ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ នៅបរិវេណវត្តជ័យឧត្តម ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ចូលរួមជាង៣០០នាក់ផងដែរ ។

ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដំណើរការរៀបចំ វេទិកានេះ ឡើងគឺដើម្បីបង្ហាញអំពីសមិទ្ធផលនិងវឌ្ឍនភាពដែល ក្រុម ប្រឹក្សាខេត្តសម្រេចបានក្នុងឆ្នាំ២០១៦និងផែនការសម្រាប់អនុវត្តន៍ឆ្នាំ២០១៧ សម្រាប់ធ្វើការឆ្លើយតប ទៅ នឹងសំណូមពរ នានារបស់អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋដែលបានលើកឡើងក្នុង វេទិកានេះ។

ឯកឧត្តម បានបញ្ជាក់ទៀតថា វេទិកានេះ បានផ្តល់ឱកាសក្នុងការ ពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុង ជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណជននានា ដែលអាច ទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែ ល្អប្រសើរឡើង។

ម្យ៉ាងទៀតដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ។  ការផ្លាស់ប្ដូរមតិយោបល់និងលើកឡើងក្នុងវេទិកា នេះក្នុងគោលបំណង សំខាន់លើគោលនយោបាយការកែលម្អនូវប្រព័ន្ធអភិបាលកិច្ចនៅ តាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។

ដោយឡែកចំពោះសំណូមពរ ឫការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋត្រូវបានដោះស្រាយភ្លាមៗនិងបន្តដោះស្រាយរឿងធំៗ នៅពេលប្រជុំក្រុមប្រឹក្សាខេត្ត៕

btvnews07-12-20167