ចិន​មានបំណង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា

297

ភ្នំពេញ ៖ អ្នកវិនិយោគមកពីប្រទេសចិន បានបង្ហាញចេតនា ជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំរដ្ឋាភិបាលអេឡិចត្រូនិក និងការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ដើម្បីពង្រីកសក្ដានុពលវិស័យធុរកិច្ច និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។

នៅក្នុងជំនួបជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ដុង ហ៊ូអាង (Dong Huang) កាលពីម្សិលម៉ិញនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Anhui Easy Business Digital Technology Co., Ltd របស់ប្រទេសចិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតារសង្ខេប និងសេវាកម្ម ដែល ក្រុមហ៊ុនរបស់លោកបានផ្តល់ជូនរដ្ឋាភិបាល នៃប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងទ្វីបអាហ្វ្រិក ដូចជា ការរៀបចំប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ប្រព័ន្ធសេវាព័ត៌មានវៃ ឆ្លាត ប្រព័ន្ធគ្រប់គ្រងការនាំទំនិញចេញ-ចូល ការបណ្តុះបណ្តាលធានធានមនុស្ស និងការប្រឹក្សាយោបល់សម្រាប់ដំណោះស្រាយព័ត៌មានវិទ្យាជាដើម។

លោក បានបន្តថា ក្រុមហ៊ុនលោកក៏បានដំឡើង E-Government ច្រើនជាង១០០ប្រព័ន្ធនៅក្នុងប្រទេសចិន ហើយបច្ចុប្បន្នលោកកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីបង្រួមប្រព័ន្ធទាំងអស់ឲ្យទៅជាប្រព័ន្ធមេតែមួយផងដែរ។

ជាការឆ្លើយតបរបស់ឯកឩត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា ឯកឧត្តមជឿថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន នៅពេលដែលប្រព័ន្ធ E-Government ដំណើរការពេញលេញ។

ឯកឧត្តម បានលើកឡើងទៀតថា ក្រសួងពាណិជ្ជកម្មនៅតែបើកទ្វារស្វាគមន៍ គម្រោងដែលផ្តល់អត្ថប្រយោជន៍ ចំពោះការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់កម្ពុជា តួយ៉ាងដូចជាគម្រោងASQIQ ដើម្បីត្រួតពិនិត្យគុណភាពទំនិញ ការចេញវិញ្ញាបនបត្រភូតគាមអនាម័យ និងជម្រះបញ្ជីគយជាដើម៕
pan-sosak1 pan-sosak2 pan-sosak