សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ប្រកាស​សាលក្រម​ករណី​លោក សម រង្ស៊ី​ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​

298

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះក្ដីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជំនួយការ របស់លោកពីរនាក់ ដែលរងការជាប់ចោទថា បានក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម។

ឯកសារតុលាការបង្ហាញថា លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងអំទ្បុងពេលសវនាការ មេធាវីការពារជនជាប់ចោទ គឺ លោក សំ សុគង់ និងលោក យុង ផានិត បានលើកឡើងថា រាល់ភស្តុតាងដាក់បន្ទុកទាំងអស់នៅក្នុងសំណុំរឿង ពុំអាចយកមកផ្ដន្ទាទោសកូនក្ដីពួកលោកបានទេ។ មេធាវីក៏បានស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់នេះ។ ដោយឡែក លោក សៀង សុខ ជាតំណាងអយ្យការ បានធ្វើសេចក្ដីសន្និដ្ឋាន ថា ជនជាប់ចោទទាំង៣នាក់ ពិតជាមានពិរុទ្ធភាពដូចការចោទប្រកាន់មែន ដោយស្នើឲ្យតុលាការផ្ដន្ទាទោសទៅតាមច្បាប់ ។

ក្នុងសវនាការនោះ ក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ជាសាក្សីផងដែរ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ។

គួរបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហើយលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម នេះ៕