Cristiano Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា​ឈ្នះ​ពាន ​Ballon d’Or ឆ្នាំ​នេះ

283

បាល់ទាត់៖ Cristiano Ronaldo ជាមនុស្សដែលគេរំពឹងថាឈ្នះពាន Ballon d’Or ២០១៦ នេះ ដែលនឹងត្រូវប្រកាសផ្លូវការនៅល្ងាចថ្ងៃចន្ទនេះ នៅទីក្រុងប៉ារីសប្រទេសបារាំង។ កីឡាករដែលជាបេក្ខភាព ចុងក្រោយផ្សេងទៀត មាន Lionel Messi, Luis Suarez, Antoine Griezmann និង Gareth Bale។

មូលហេតុដែល Ronaldo មានភាគរយច្រើនក្នុងការឈ្នះពានជ័យលាភីនេះ ដោយគេបានជួយព័រទូហ្កាល់ឈ្នះ ពាន Euro ២០១៦ នៅបារាំង ជាមួយនឹងការឈ្នះជើងឯក UEFA Champions League ជាមួយ Real Madrid។ Gareth Bale ក៏ជាសមាជិកសំខាន់ដែរ ដែលមានសមត្ថភាពលេចធ្លោក្នុងឆ្នាំ ២០១៦ នេះ ដោយជួយក្រុមវែលឡើងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro និងជួយ Real Madrid លើកពាន UCL ជាមួយ Ronaldo ដែរ។

ចំណែកឯកីឡាករអាហ្សង់ទីន Lionel Messi បាននាំអាហ្សង់ទីនឡើងវគ្គផ្តាច់ព្រ័ត្រ Copa America Centenario ចាញ់ឈីលីនៅវគ្គផ្តាច់ព្រ័ត្រ តែជួយ Barcelona លើកពាន La Liga។ ជាមួយគ្នានោះ ដោយខឹងនឹង ទំរង់ដឹកនាំរបស់សមាគមបាល់ទាត់អាហ្សង់ទីន គេក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជំរើសជាតិអាហ្សង់ទីន តែបានត្រលប់មកវិញ។

បេក្ខភាពបន្តទៀត មិត្តរួមក្រុម Barcelona ដែរនោះ Luis Suarez គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ អឺរ៉ុបរដូវកាលមុន ខណៈខ្សែប្រយុទ្ធ Atletico Madrid, Antoine Griezmann បានកៅអីចុងក្រោយនេះដោយនាំក្រុម បារាំងឡើងវគ្គផ្តាច់ព្រ័ត្រ Euro និង Atletico Madrid ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League។ លទ្ធផលម្ចាស់ជ័យលាភីនឹងត្រូវបានប្រកាសល្ងាចថ្ងៃចន្ទនេះ៕

promo301768751

អត្ថបទ៖នាង សុភាវុធ