ស្ពាន​ឆ្លង​ទន្លេសាប​មួយទៀត​ នឹង​សាងសង់​ដោយ​ចំណាយ​ទឹកប្រាក់​ជាង​៣០​លាន ​ដុល្លារ​អាមេរិក​

333

ភ្នំពេញ ៖ ស្ពានឆ្លងកាត់ទន្លេសាបមួយទៀត នឹងត្រូវសាងសង់នៅពេលខាងមុខនេះ ដោយគ្រោងចំណាយ ប្រាក់ជាង៣០លាន ដុល្លារអាមេរិក តាមរយៈក្រុមហ៊ុន OCIC ដែលវិនិយោគលើទីក្រុងរណបជ្រោយចង្វារ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅពេលខាងមុខនេះ បន្ទាប់ពីការសិក្សារបស់អ្នកជំនាញសាលារាជធានីភ្នំពេញរួច។ ស្ពាននេះ នឹងចំ ណាយថវិកាសាងសង់ជាង៣០លានដុល្លារអាមេរិក ជាថវិការបស់សាលារាជធានីភ្នំពេញ ដែលបានពីការជួលដីរបស់រដ្ឋាភិបាលដល់ទីក្រុងរណបជ្រោយចង្វារ។លោក បន្តថា ស្ពានថ្មីនេះ មានប្រវែងប្រហាក់ ប្រហែលគ្នា នឹងស្ពានជ្រោយចង្វារ និងជាស្ពានមួយដែលជួយសម្រួលចរាចរណ៍នៅតំបន់នេះ។

តាមគំរោងដំបូងស្ពានឆ្លងកាត់ទន្លេសាបនេះ គ្រោងចេញពីផ្លូវជាតិលេខ៥ម្តុំឃ្លាំងសាំងសូគីម៉ិច ទៅកាន់ទីក្រុងរណបជ្រោយចង្វារ ប៉ុន្តែដោយសារទីតាំងនេះ មិនសូវមានភាពអំណោយផល ទើបសាលារាជធានីបានសិក្សាពីទីតាំងថ្មីសម្រាប់ស្ពាននេះ ដែលអាចនឹងសាងសង់ចេញពីអតីតផ្លូវរថភ្លើងគីឡូម៉ែត្រលេខ៦ ទៅកាន់ទឹកដី ជ្រោយចង្វារជំនួសវិញ។

លោក មាន ចាន់យ៉ាដាអភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ស្ពាននេះដើរតួនាទីសំខាន់ណាស់ ក្នុងការសម្រួលចរាចរណ៍ចេញពីផ្លូវជាតិលេខ៦ មកកាន់រាជធានីភ្នំពេញ ពិសេសស្ពាននេះ ជាផ្លូវយុទ្ធ សាស្ត្រថ្មីមួយដែលភ្ជាប់ពីតំបន់ជាប់ផ្លូវជាតិលេខ៥ មកកាន់ផ្លូវលេខ៧០ ឫ ផ្លូវទំនប់ទួលគោក ដែលសាលារាជធានីភ្នំពេញ នឹងសាងសង់នៅពេលខាងមុខនេះ។

លោក បន្តថា តំបន់នេះ នឹងជាតំបន់លំនៅឋាន និងពាណិជ្ជកម្មរស់រវើកនាពេលអនាគត ព្រោះពីមុនរាជធានីភ្នំពេញ ផ្តោតលើការអភិវឌ្ឍន៍តែទិសខាងលិច និងទិសខាងជើង ប៉ុន្តែពេលនេះសាលារាជធានី ភ្នំពេញ បានផ្តោតលើការអភិវឌ្ឍទៅទិសខាងកើត និងទិសខាងត្បូង ដើម្បីធ្វើឲ្យរបាយប្រជាពលរដ្ឋកុំឲ្យប្រមូលផ្តុំតែមួយកន្លែង ដែលនាំឲ្យពិបាកក្នុងការគ្រប់គ្រង និងនាំឲ្យមានបញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាសង្គមដទៃទៀត។

ប្រសិនជាស្ពាននេះ សាងសង់រួច វានឹងក្លាយជាស្ពានទី៥ ហើយដែលលូនឆ្លងកាត់ទន្លេសាប គឺស្ពានជ្រោយចង្វារចំនួនពីរ ស្ពានព្រែកព្នៅ ស្ពានព្រែកក្តាម និងស្ពានដែលគ្រោងសាងសង់នាពេលខាងមុខនេះ៕