ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ឯកឧត្ដម ​ហ៊ុន ​ម៉ា​នី ពិនិត្យ​និង​ព្យាបាល​ដោយ​ឥត​គិត​ថ្ងៃ​ប្រជាពលរដ្ឋ​នៅ​ឃុំ​សាមគ្គី​ស្រុក​ឱ​រ៉ា​ល់​

228

កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៦នេះ បានចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជាង១ពាន់នាក់ ដោយឥតគិតថ្លៃ នៅឃុំសាមគ្គី ក្នុងស្រុកឱរ៉ាល់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចំនួន១០៨នាក់នេះ ដឹកនាំដោយឯកឧត្ដម លេង ផាលីប្រធានក្រុមការងារក្រុមគ្រូទេសស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្ដម ហូតាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ។

ឯកឧត្ដម លេង ផាលី មានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្ដីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូច ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។

ឯកឧត្ដម លេង ផាលី បាននាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខ និងក្តីស្រឡាញ់ នឹករលឹកពីចម្ងាយរបស់លោក ហ៊ុន ម៉ានី ចំពោះប្រជាពលរដ្ឋទាំងអស់ ហើយថាដោយសារលោកមានការមមាញឹក ជាប់កាតព្វកិច្ចបំពេញបេសកកម្ម ផ្សេងទៀត ទើបមិនមានវត្តមាននៅទីនេះ ប៉ុន្តែ ថ្ងៃណាមួយ ឯកឧត្ដម ហ៊ុន ម៉ានី នឹងចុះសួរសុខទុក្ខបងប្អូនដោយផ្ទាល់។

ឯកឧត្ដម ហូតាំងអេង មានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ៕