ឈើ​គ្រញូង​ជាង​៣០០​គីឡូ ​លួច​​បង្កប់​តាម​រទេះ​អូសចូលតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ​​​ត្រូវ​​បង្ក្រាប

197

ក្រុងប៉ោយប៉ែត ៖ ឈើគ្រញូងជាង៣០០គីឡូ លួចបង្កប់តាមរទេះ អូសដឹកទំនិញពីប្រទេសថៃចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករច្រកទ្វារត្រួតពិនិត្យឃើញ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៦ នៅចំណុចទីលានត្រួតពិនិត្យទំនិញ ក្នុងភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ឈើដែលត្រូវបានបង្ក្រាបខាងលើ ជាប្រភេទឈើគ្រញូង មានចំនួន ៦ដើម ស្មើនឹង៣០៣ គីឡូក្រាម ដាក់នៅនឹងបាតរទេះ  បង្កប់ក្រោមទំនិញចាបភួយ  នាំចូលពីប្រទេសថៃ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដោយពុំដឹងម្ចាស់ជានរណា ព្រោះខណៈពេលត្រួតពិនិត្យម្ចាស់រទេះ អូសបានគេចខ្លួន ។

លោក បន្តទៀតថា មូលហេតុដែលឈានដល់ការ បង្ក្រាបបានឈើគ្រញូងខាងលើ គឺដោយមានការត្រួតពិនិត្យ ទំនិញនាំចូលគ្រប់ប្រភេទពីប្រទេសថៃជាប្រចាំ ពីសំណាក់មន្ត្រីគយរបស់លោក ដើម្បីជៀសវាង ការលួចបង្កប់ ទំនិញគេចពន្ធផ្សេង ៗ ដែលអាចធ្វើឲ្យបានចំណូលចូលជាតិ ។ នេះជាលើកទី២ ហើយនៅក្នុងឆ្នាំ២០១៦ ដែលមន្ត្រីគយរបស់លោក ត្រួតពិនិត្យ បង្ក្រាបបានកានាំចូលឈើខុសច្បាប់ ពីសំណាក់ឈ្មួញ បង្កប់តាមរទះ ។ ក្រោយការត្រួតពិនិត្យឃើញ ទាំងរទេះ  និងវត្ថុតាង ត្រូវបានយកមកទៅរក្សាទុកនៅការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ។

គួរបញ្ជាក់ថា កន្លងមកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែងមានការលួចនាំឈើចូល ដោយបង្កប់តាមរទេះ របស់កម្មករអូសរទេះ ឬតាមរថយន្តជាញឹកញាប់ ។ តែទោះបីជាមានការលួចបង្កប់យ៉ាងណាក៏ដោយ បទល្មើសនេះ តែងត្រូវបានសមត្ថកិច្ចថៃ ឫមន្ត្រីគយខ្មែរបង្ក្រាបបាន ៕

btvnews14-12-20165