សាលាឧទ្ធរណ៍​តម្កល់​ទោស​លោក នី ចរិយា ករណី​បរិហារកេរ្តិ៍​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​រូបដដែល

195

ភ្នំពេញ៖ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោល គឺផ្ដន្ទាទោសលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប។

លោក នី ចរិយា ធ្លាប់បាននិយាយនាពេលសវនាការ ថា លោក ពុំបានបរិហារកេរ្តិ៍មន្ត្រីតុលាការខេត្តសៀមរាបទាំងពីររូប ដូចការចោទប្រកាន់នោះទេ ប៉ុន្តែ តំណាងមហាអយ្យកា នៅតែរក្សាបទចោទប្រកាន់នេះទុកជាបានដដែល។

គួររំលឹកថា លោក ឃី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និង បច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដាក់ពន្ធនាគាររយៈពេល៦ខែនិងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប។

លោក នី ចរិយា ជាប់ចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនិង អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ។

បច្ចុប្បន្នលោកនី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ ផងដែរ៕