កងទ័ពកម្ពុជា-ថៃ គ្រោងនឹងធ្វើសមយុទ្ធរួមគ្នានិងសន្យាធ្វើយ៉ាងណារក្សាសន្តិភាពតាមព្រំដែននៃប្រទេសទាំងពីរ

248

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ ChalernchaiSitthisad អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ បានសន្យារួមគ្នាថានឹងខិតខំធ្វើយ៉ាងណាថែរក្សាសន្តិភាពនិងការអភិវឌ្ឍរវាងព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀត ហើយមិនតែប៉ុណ្ណោះភាគីទាំងពីរគ្រោងនឹងរៀបចំសមយុទ្ធដោយទ្រង់ទ្រាយធំជាមួយគ្នាផងដែរ។

ការសន្យារបស់ប្រមុខកងទ័ពនៃប្រទេសភូមិផងរបងតែមួយនេះគឺបានធ្វើឡើង នៅក្នុងកិច្ចជំនួបមួយនាទីបញ្ជាការដ្ឋានកងទ័ពនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។ តែយ៉ាងណាក៏ដោយគម្រោងសមយុទ្ធនៃកងទ័ពទាំងពីរនេះពុំទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

នៅក្នុងកិច្ចជំនួបភាគីទាំងពីរបានសន្យាថា នឹងធ្វើយ៉ាងណាមិនឲ្យស្ថានភាពនៅតាមព្រំដែននៃប្រទេសទាំងពីរមានភាពល្អក់កករនោះឡើយ ហើយមិនតែប៉ុណ្ណោះ ត្រូវខិតខំធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍឲ្យបានឆាប់រហ័សបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរ។

នៅក្នុងកិច្ចជំនួបនោះ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ព នៃប្រទេសទាំងពីរថារក្សាបាននូវសុខសន្តិភាពបានល្អប្រសើរ តែយ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ក៏បានអំពាវនាវជាថ្មីម្តងទៀតទៅកាន់ភាគីថៃត្រូវបញ្ឈប់ការបាញ់ដល់ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងកាត់ទៅធ្វើការឬទៅកាប់ឈើថៃខុសច្បាប់នៅទឹកដីថៃផងដែរ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រ ទេសទាំងពីរនាពេលនេះ គឺមានភាពល្អប្រសើ តែឯកឧត្ដមនាយឧត្តមសេនីយ៍ បាន សំណូមពរដល់ភាគីថៃ ត្រូវគោរពគោលការណ៍ច្បាប់មនុស្សជាតិ និងអន្តរជាតិ មិនត្រូវប្រើប្រាស់អាវុធដើម្បីបង្ក្រាបដល់ប្រជាពលរដ្ឋខ្មែរដែលលួចចូលទឹកដីថៃនោះទេ គប្បី ប្រើប្រាស់ច្បាប់ឲ្យស្របតាមគោលការណ៍មនុស្សធម៌នៃប្រទេស។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ប៉ុល សារឿនក៏បានថ្លែងកោតសរសើរដល់រដ្ឋាភិបាលនៃប្រទេសថៃ ដែលបានថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ប្រទេសឲ្យមានស្ថានភាពស្ងប់ស្ងាត់ល្អ និងអគុណដល់ភាគីថៃដែលមានគម្រោងចង់ធ្វើសមយុទ្ធយោធាជាមួយកម្ពុជានោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ChalernchaiSitthisad អគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានលើកឡើងថា «កងទ័ពកម្ពុជានិងថៃកាន់តែយល់ចិត្តគ្នាដោយឈរក្រោមគោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលរក្សាសន្តិសុខ សន្តិភាពនិងការអភិវឌ្ឍន៍តាមព្រំដែនដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរ»