បេក្ខភាព​ជយលាភី​កម្ពុជា ៩ រូប ឈ្នះ​ការប្រកួត​និពន្ធ​អត្ថបទ​ពី​សហភាព​អឺរ៉ុប​

194

 

ភ្នំពេញ៖ បន្ទាប់ពីដាក់អោយសិស្សនិស្សិតកម្ពុជា ប្រកួតប្រជែងនិពន្ធអត្ថបទប្រមាណជាង៥ ខែកន្លងមក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦នេះសហភាពអឺរ៉ុបបានស្វែងរកបេក្ខភាពជយលាភីកម្ពុជា ៩ រូប ក្នុងការប្រកួតនិពន្ធអត្ថបទ ក្នុងចំណោមអត្ថបទ ជាង ៣០។

ឯកឧត្ដម ចច អេដហ្គើ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងក្នុងពិធីប្រគល់រង្វាន់ នាស្ថានទូតសហភាពអឺរ៉ុបថា ការដាក់អោយមានការប្រកួតប្រជែងនេះ គឺជាការផ្តល់ឱកាសសម្រាប់យុវជនវ័យក្មេងកម្ពុជា ក្នុងការចែករំលែកទស្សនៈរបស់ពួកគេអំពីប្រធានបទចំនួន ៣ ក្នុងការប្រកួតនិពន្ធអត្ថបទដែលស្ថានទូតសហភាពអឺរ៉ុបបានដាក់ជូន។ ឯកឧត្ដម បន្តថា យុវជនគឺជាអនាគតប្រទេសជាតិ និងជាកោសិការបស់ប្រទេសផងដែរ ដែលត្រូវអោយពួកគេមានចំណេះដឹងអោយបានទូលំទូលាយ។

ឯកឧត្ដម បន្ថែមថា អត្ថបទដែលដាក់ឲ្យប្រកួតប្រជែងមានបីគឺ តើសមាគមអាស៊ានគួរមានលក្ខណៈដូចសហភាពអឺរ៉ុបដែរឬទេ ហេតុអ្វីបានជាធម្មជាតិគឺជាបញ្ហាដែលគួរយកចិត្តទុកដាក់ តើយុវជនគួរធ្វើអ្វីខ្លះដើម្បីកែប្រែអនាគតឲ្យមានភាពល្អប្រសើរ។

លោកបានបញ្ជាក់ទៀតថា ប្រធានបទទាំងបី ដែលបានជ្រើសរើសសម្រាប់ការប្រកួតនេះ នឹងអនុញ្ញាតឲ្យយុវជនវ័យក្មេងកម្ពុជាមានចំណេះដឹងជ្រៅជ្រះសម្រាប់អនាគតប្រទេសកម្ពុជា ដូចជាវិស័យអប់រំ បរិស្ថាន វប្បធម៌ សេដ្ឋកិច្ច កិច្ចការក្នុងតំបន់ និងពិភពលោក។

ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាសហការជាមួយសមាគមយុវជនខ្មែរ បានប្រកាសបើកការប្រកួតនិពន្ធអត្ថបទ លើកទី ៣ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ដើម្បីលើកកម្ពស់ទស្សនៈរបស់យុវជនកម្ពុជា និងដើម្បីអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា៕