កំណាត់​ផ្លូវដែក​ចាប់ពី​គីឡូម៉ែត្រ​លេខ​៦​ដល់​ផ្លូវ​លេខ​៧០ ​ត្រូវ​បាន ស្ថាបនា​ផ្លូវ​បេតុង​ជំនួស​

299

ភ្នំពេញ៖ កំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវជាតិលេខ៥ម្ដុំគីឡូម៉ែត្រលេខ៦ដល់ផ្លូវលេខ៧០ ដែលត្រូវបានទុកចោលលែងប្រើប្រាស់ជាច្រើនឆ្នាំហើយនោះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចស្ថាបនាជាផ្លូវ បេតុងជំនួសវិញហើយ។

ផ្លូវដែលតត្រូវស្ថាបនាជំនួសនេះមានប្រវែងជាង៤គីឡូម៉ែត្រ ក្នុងនោះ ក៏មានការសង់សួនច្បារនៅចំកណ្តាលផងដែរ ជាប្រភេទផ្លូវបេតុងមានកម្រាស់២តឹកហើយបានបើកការដ្ឋាននៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា ផ្លូវតាមគន្លងផ្លូវរថភ្លើងដែលនឹងត្រូវស្ថាបនាឡើងនេះនឹងធ្វើឡើងដោយចាក់បេតុងអាមេកម្រាស់២០សង់ទីម៉ែត្រ ទទឹង៧ម៉ែត្រភ្លោះនិងស្ថាបនាសួនកណ្តាលទំហំ២,៥ម៉ែត្រ ប្រវែង៤.៥១០ម៉ែត្រចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកបន្តថា បើតាមផែនការ ផ្លូវនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤ខែ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ផ្លូវនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០១៧ ដោយសារតែផ្លូវដែកនេះមិនបានប្រើប្រាស់ខ្វះការថែទាំនាំអោយមានការខូចខាត ដូច្នេះហើយទើបសម្តេចតេជោហ៊ុន សែនសម្រេចអោយស្ថាបនាឡើង ពោល គឺឈូសយកផ្លូវដែកចេញ ជំនួសដោយផ្លូវបេតុងរួមនឹងមានសួនច្បារកណ្តាលថែមទៀត។

ឯកឧត្ដម ប៉ា សុជាតិវង្ស មានប្រសាសន៍បន្តថា ការស្ថាបនាផ្លូវថ្មីតាមគន្លងផ្លូវរថភ្លើងនេះ សម្រាប់រំដោះចរាចរចេញពីផ្លូវជាតិលេខ៥ ចេញចូលក្រុង ហើយផ្លូវថ្មីនេះ មានតួនាទីសំខាន់សម្រាប់បម្រើចរាចរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជុំវិញនេះ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរ និងអត្រាគ្រោះថ្នាក់ចរាចរតាមផ្លូវជាតិលេខ៥ ដែលជាផ្នែកមួយនៃការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរថែមទៀត។

ទាក់ទងផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្ដម បានបញ្ជាក់ថា សម្រាប់ការដោះស្រាយ ផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ នោះគឺមិនតម្រូវឲ្យពលរដ្ឋមានការចាកចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងកាត់បន្ថយផលប៉ះពាល់មកនៅកម្រិតទាបបំផុត។

នៅក្នុងឱកាសនោះអភិបាលរាជធានីភ្នំពេញក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងកំណាត់ផ្លូវខាងលើ មេត្តាចូលរួមសហការ និងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ក្រុមការងារការដ្ឋានដើម្បីឲ្យការងារនេះ សម្រេចបានតាមផែនការដែបានគ្រោងទុក និងសំណូមពរឲ្យការដឹកជញ្ជូនកុំឲ្យលើសទម្ងន់ដែលបានកំណត់។

មកដល់ពេលនេះរាជធានីភ្នំពេញបានស្ថាបនាផ្លូវជាប្រភេទផ្លូវបេតុងនេះបានជាង៣០០គីឡូម៉ែត្រហើយនៅក្នុងរាជធានីភ្នំពេញ ដែលការស្ថាបនាប្រភេទផ្លូវបេតុងនេះគឺជាប់បានយូរនិងប្រើប្រាស់បានរហូតដល់៣០ឆ្នាំ៕