ក្រុមការងារ​បច្ចេកទេស​រៀបចំ​ការ​តាក់តែង​សេចក្ដី​ច្បាប់​ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​បន្ត​ពិភាក្សា​លើ​ជំពូក និង​មាត្រា​មួយ​ចំនួន

268

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសរៀបចំការតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានមកពីស្ថាប័នពាក់ព័ន្ធបន្តពិភាក្សាលើជំពូក និងមាត្រាមួយចំនួនដែលនឹងត្រូវប្រើប្រាស់ពាក្យពេចន៍អោយបានត្រូវតាមស្តង់ដារ។

ឯកឧត្ដម អ៊ុក គឹមសេង អ្នកនាំពាក្យនៃក្រសួងព័ត៌មានបានថ្លែងប្រាក់អ្នកសារព័ត៌មានក្រោយពិធីពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ នៅសណ្ឋាគារភ្នំពេញថា ក្នុងកិច្ចប្រជុំនាពេលនេះ ក្រុមការងារបានពិភាក្សាជ្រើសរើសពាក្យពេចន៍ណាមួយអោយបានត្រឹមត្រូវ នឹងអាចឆ្លងផុតមានត្រាមួយនេះ និងបន្តទៅមានត្រាផ្សេងទៀតដើម្បីពន្លឿននូវសេចក្ដីព្រាងនេះ។

លោកបន្ថែមថា ការប្រជុំពិភាក្សាជាច្រើនលើក ច្រើនសារ ពីក្រុមបច្ចេកទេសនេះ គឺជាការគោលការរបស់រាជរដ្ឋាភិបាល ក្នុងការបើកចំហអោយគ្រប់ភាគីពាក់ព័ន្ធចូលរួមមតិយោបល់លើសេចក្ដីព្រាងច្បាប់នេះ អោយបានត្រឹមត្រូវ។

ឯកឧត្ដមបន្ថែមថា បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារីទ្ធ គ្រោងនឹងបញ្ចប់ការពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ ខាងមុខដើម្បីដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីពិភាក្សាបន្ត។

លោក ឆាយ សុផល មន្ត្រីសម្របសម្រួលអង្គការយូណេស្កូ និងជាសមាជិកក្រុមអ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះ បានថ្លែងថា ច្បាប់នេះតាមគម្រោងមានរយៈពេល ៣ ឆ្នាំ ទើបបញ្ចប់បានទាំងស្រុងហើយអាចយកមកអនុវត្តបាន ព្រោះវាត្រូវចំណាយពេលយូរក្នុងការពិភាក្សាជាបន្ទាប់ពីក្រុមការងារបច្ចេកទេស នឹងបញ្ជូនទៅអន្តរក្រសួងដើម្បីពិភាក្សា រូចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភាសម្រេចរួចបញ្ជូនទៅថ្វាយព្រះករុណា ដើម្បីឡាយព្រះហស្ថលេខាដាក់អោយប្រើប្រាស់ជាផ្លូវការ។

សេចក្ដីព្រៀងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានមាន ៩ ជំពូក និង៣៥ មាត្រា ហើយមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសតាក់តែងបានពិភាក្សារួចរាល់លើជំពូកទី ៣ លើមាត្រាទី ១៥ តែប៉ុណ្ណោះ៕