អភិបាលខេត្ដ​ព្រះសីហនុ អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ល្បែងស៊ីសង​ខុសច្បាប់

185

ព្រះសីហនុ  ៖ អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវ ឲ្យយុវជន ចូលរួមប្រយុទ្ធប្រឆាំង ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ល។ ដើម្បីភូមិឃុំមានសុវត្ថិភាព។

សូមយុវជន អាណាព្យាបាលទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ឲ្យបាន ព្រោះករណីទាំងពីរចំណុចនេះ គឺស្ថិតនៅក្នុងគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព សម្រាប់រក្សាសុវត្ថិភាពសន្ដិសុខក្នុងមូលដ្ឋាន ការអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិឲ្យរីកចំរើនជឿនលឿន។ នេះគឺជាការថ្លែងរបស់ ឯកឧត្ដ យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្ដព្រះសីហនុ ឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ នៅក្រុងព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្ដម បន្ដថា គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គឺជាភារកិច្ចរបស់សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ក្នុងការបង្ក្រាបក៏ពិតមែន ប៉ុន្ដែដើម្បីឲ្យការបង្ក្រាបទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាព និងលុបបំបាត់បានទាំងស្រុងនៅក្នុងមូលដ្ឋាននោះ គឺតម្រូវឲ្យមានការសហការពីប្រជាពលរដ្ឋដែរ ជាពិសេសយុវជន។

គ្រឿងញៀន គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់មនុស្សជាតិ ធ្វើឲ្យបាត់បង់សតិ ខួចខាតទ្រព្យសម្បត្តិ ខួចអនាគត រីឯល្បែងស៊ីសងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ ធ្វើឲ្យមានអសន្ដិសុខសង្គម។

ជាមួយគ្នានោះដែរ អភិបាលរងខេត្ដ លោក ស្រុន ស្រ៊ន់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ បានថ្លែងស្រដៀងគ្នាថា ជាលទ្ធផលឆ្នាំ២០១៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពសយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ខេត្ដ និងសមត្ថកិច្ចល្អ ដូចជាការចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួប នូវបញ្ហាប្រឈម និងគ្រោះអាសន្ននានា។

លោកក៏បានស្នើថា សូមឲ្យ សសយក ខេត្ដបន្ដពង្រឹងកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការធ្វើកិច្ចការបម្រើប្រជាពលរដ្ឋ សង្គមជាតិឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបដាក់ចេញគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព មាន ៩ចំណុច សម្រាប់រក្សាសុវត្ថិភាពសន្ដិសុខ និងការអភិវឌ្ឍមូលដ្ឋាននីមួយៗ ដែលមាន គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ គ្រឿងញៀន និងល្បែងស៊ីសង៕