អគ្គនាយក​អន្តោប្រវេសន៍​អះអាង​ថា ​នៅ​កម្ពុជាមាន​ជនជាតិ​វៀតណាម​មិន​ដល់​១​លាន​នាក់​ដូច​បក្ស​ប្រឆាំង​លើក​នោះ​ទេ​

172

ភ្នំពេញ៖ អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអះអាងថា នៅទូទាំងប្រទេសកម្ពុជា មានប្រជាពលរដ្ឋជនជាតិវៀតណាម មកស្នាក់នៅទាំងអន្តោប្រវេសន៍ស្របច្បាប់ និងមិនស្របច្បាប់ មានមិនដល់១លាននាក់ ដូចបណ្ដាបុគ្គល ដែលមាននិន្នាការបក្សប្រឆាំងនោះលើកឡើងនោះទេ។

ក្នុងឱកាសធ្វើបទបាកឋកថា ក្រោមប្រធានបទ ស្តីពីបទពិសោធន៍របស់ការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៦ ខែធ្នូ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា ដីឥដ្ឋ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា នៅទូទាំងប្រទេសកម្ពុជា ក្រោយពីបានធ្វើជំរឿនស្ថិតិជនអន្តោប្រវេសន៍បរទេសអស់រយៈពេល២ឆ្នាំរួចមក គឺមានជនបរទេសជាជនជាតិវៀតណាមមកស្នាក់នៅស្របច្បាប់ និងខុសច្បាប់មានប្រមាណជិត២០ម៉ឺននាក់ ហើយសម្រាប់អ្នកចង់កេងចំណេញនយោបាយ គឺអាចលើកឡើងចំនួនណាក៏បានព្រោះវាសិទ្ធរបស់គេ។

ឯកឧត្តម នាយឧត្ដមសេនីយ៍អះអាងថា យោងតាមលទ្ធផលការងារដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកំណត់គោលដៅខិតខំធ្វើស្រាវជ្រាវរកជនបរទេសមកស្នាក់នៅកម្ពុជា ឲ្យបាន៨៥% នោះគឺបានរកឃើញថា មានប្រជាពលរដ្ឋជនជាតិវៀតណាមប្រមាណ១៦ម៉ឺននាក់បានកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយក្នុងចំណាត់ការស្រាវជ្រាវនោះ មានជនបរទេសខ្លះ បានរត់គេចពីសមត្ថកិច្ច ហើយសម្រាប់ជនបរទេសណាស្នាក់នៅកម្ពុជាគ្មានលិខិតស្នាម ខុសច្បាប់ គឺត្រូវចាប់បញ្ជូន និងបណ្តេញទៅប្រទេសដើមវិញ ក្នុងនោះ ជនជាតិវៀតណាមមានចំនួនច្រើនជាងគេ។

ឯកឧត្តម ក៏បានបដិសេធព័ត៌មានរបស់ភ្នាក់ងារស៊ើបការសម្ងាត់កណ្តាលសហរដ្ឋអាមេរិចហៅកាត់CIAដែលថតលើលំហអាកាសកន្លងមក ថាមានជនបរទេសនេសាទនៅត្រីក្នុងបឹងទន្លេសាបនៅក្នុងខេត្តកំពង់ឆ្នាំងប្រមាណ៥០ម៉ឺននាក់នោះ តែតាមពិតបន្ទាប់ពីមន្ត្រីចុះស្រាវជ្រាវធ្វើជំរឿនស្ថិតិផ្ទាល់ គឺវាមិនមានដល់ចំនួននោះទេ ព្រោះទូកដែលនាក់នេសាទនៅលើផ្ទៃបឹងទន្លេនោះគឺមានទូកនេសាទចម្រុះគ្នា រួមមានទូកនេសាទជនជាតិខ្មែរ ជនជាតិវៀតណាម និងទូកនេសាទជនជាតិឥស្លាម។

ឯកឧត្តម សុខ ផល បន្ថែមថា ក្នុងចំណាត់ការបន្ទាប់ពីបានចុះស្រាវជ្រាវនេះ គឺមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន និងកំពុងបន្តវិធានការទប់ស្កាត់មិនឲ្យមានជនជាតិថ្មីបន្តហូរចូលកម្ពុជាខុសច្បាប់ បន្តចាត់វិធានការដកហូតអត្តសញ្ញាប័ណ្ណជនជាតិខ្មែរក្លែងក្លាយ និងកាន់កាប់ឯកសារក្លែងបន្លំពីជនបរទេស និងពង្រឹងវិធានការឲ្យជនជាតិបរទេសស្នាក់នៅកម្ពុជាខុសច្បាប់ ដាក់បញ្ចូលទៅជនបរទេសអន្តោប្រវេសន៍ស្របច្បាប់វិញ។

តាមរបាយការណ៍បញ្ជាក់ថា ការអនុវត្តនីវិធីបណ្តេញជនបរទេសស្នាក់នៅកម្ពុជាខុសច្បាប់ គ្មានឯកសារចាប់ពីឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៦នេះ គឺមានជនបរទេសប្រមាណជិត១២.០០០នាក់មាន៧២សញ្ជាតិ ត្រូវបានចាប់បណ្តេញ ក្នុងនោះជនជាតិវៀតណាមមានប្រមាណជិត១ម៉ឺននាក់៕