មន្ត្រី​ព្រៃឈើ ​និង​រដ្ឋបាល​ជលផល ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទំ​លំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​

223

តាកែវ ៖ មន្ត្រីក្រសួងកសិកម្ម បានថ្លែងថា ការដែលអាចការពារថែរក្សាសម្បត្តិធម្មជាតិរបស់ប្រទេសមួយបាន លុះណាតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ឱម គឹមស៊ា បានធ្វើការជំរុញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ទាំងពីរនេះឲ្យប្រជាពលរដ្ឋបានយល់ដឹង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ បានចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បានថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់ត្រាថ្មីដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តតាកែវ នៅថ្ងៃទី២៧ ខែធ្នូ នេះ ។

ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត-ក្រុងហើយ ដូច្នោះការទទួលខុសត្រូវរបស់មន្ទីរ គឺមានទំហំធំធេងជាងមុន។ បើទោះបីជាខេត្តតាកែវ មានព្រៃឈើ តិចតួច និងផ្ទៃបឹងមិនសូវធំក៏ដោយ ក៏មន្ត្រីទាំងអស់ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើការ ការពារព្រៃឈើ និងការពារតំបន់អភិរក្សព្រៃលិចទឹក ទុកសម្រាប់ត្រីពងកូន ដែលដើម្បីធ្វើកិច្ចការនេះឲ្យមានប្រសិទ្ធភាព គឺត្រូវតែធ្វើការផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋបានយល់ដឹង។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេ គឺពិតជាមិនអាចការពារសម្បត្តិធម្មជាតិរបស់ប្រទេសនេះបានទេ។ ព្រោះកម្លាំងមន្ត្រីមានតិចតួច ដូច្នោះវិធីម្យ៉ាងគឺមានតែផ្សព្វផ្សាយច្បាប់ និងការអប់រំបណ្ដុះគំនិតប្រជាពលរដ្ឋ និងសិស្សានុសិស្សឲ្យចេះការពារ និងស្រលាញ់ព្រៃឈើ។

ឯកឧត្តម ឱម គឹមស៊ា បានជំរុញឲ្យមន្ត្រីមន្ទីរកសិកម្មខេត្តតាកែវ ទាំងអស់ ត្រូវលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញា ដើម្បីធ្វើយ៉ាងណាចូលរួមអនុវត្តភារកិច្ចដែលរដ្ឋប្រគល់ជូន ជាពិសេស ចូលរួមអនុវត្តគោលនយោបាយ ស្ដីពីការការពារព្រៃឈើរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យមានប្រសិទ្ធិភាព៕

takeo