សាលាឧទ្ធរណ៍​កាត់ទោស​អតីតមន្ត្រី​យោធា​ស័ក្ដិ​៥​ម្នាក់ ករណី​ឆបោក​ប្រាក់ តាម​រូបភាព​រត់ការ​ចូល​ក្របខ័ណ្ឌ​យោធា​តែ​បរាជ័យ​

218

ភ្នំពេញ៖ អតីតមន្ត្រីយោធាពាក់ស័ក្ដិ៥ម្នាក់ នៃក្រសួងការពារជាតិ ត្រូវបានអនុរក្សពន្ធនាគារព្រៃស នាំខ្លួនមកកាន់សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជំនុំជម្រះបទល្មើសឆបោកប្រាក់តាមរូបភាពរត់ការចូលក្របខ័ណ្ឌក្រសួងការពារជាតិ តែបរាជ័យ។

អតីតមន្ត្រីយោធារូបនេះឈ្មោះ អ៊ុក ស៊ីថន អាយុ៣៩ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ១លានរៀល ក្រោមការចោទប្រកាន់ពីបទឆបោកតាមមាត្រា៣៧៧និង៣៧៨នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ ជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍។

ដើមចមនៃសំណុំរឿងនេះ គឺ ជនជាប់ចោទឈ្មោះ អ៊ុក ស៊ីថន បានទទួលប្រាក់ពីជនរងគ្រោះចំនួន២៨០០ដុល្លារអាមេរិក ដើម្បីរត់ការចូលក្របខ័ណ្ឌក្រសួងការពារជាតិ ។ ប៉ុន្តែ ការរត់ការនេះ បរាជ័យ ហើយជនជាប់ចោទបានស៊ីដាច់ជនរងគ្រោះ ទើបឈានដល់ការប្តឹងផ្តល់តែម្ដង។

ដោយឡែក នាពេលសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទ អ៊ុក ស៊ីថន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន ដោយស្នើឲ្យសាលាឧទ្ធរណ៍ជួយបន្ធូរបន្ថយទោស។ ប៉ុន្តែ តំណាងមហាអយ្យការ សន្និដ្ឋានតម្កល់បទចោទនេះ ទុកជាបានការដដែល។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកស្រីចៅក្រម គឹម ដានី បានលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះវិញ។

សូមបញ្ជាក់ថា ជនជាប់ចោទនៅមានសំណុំរឿងឆបោកជាង១ម៉ឺនដុល្លារអាមេរិក មួយករណីទៀត ដែលកំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ៕