ដំណាច់​ឆ្នាំ​២០១៦​ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ បាន៥៤​ម៉ឺន​តោន​ មាន​កំណើន ០,៧%

134

ភ្នំពេញ ៖ បើគិតត្រឹមដំណាច់ឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិមានចំនួន ៥៤ម៉ឺនតោន និងមានកំណើន០,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ៊ាន វណ្ណហន  ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានថ្លែងប្រាប់ប៊ីធីវី នៅថ្ងៃទី ៤ខែមករា នេះថា  ការនាំចេញអង្កររបស់កម្ពុជានៅខែ ១២ ឆ្នាំ២០១៦ នេះ ថយចុះ ៣០%  និងធៀបកាលពីខែ ១២ ឆ្នាំ២០១៥ កន្លងទៅ ដែលបញ្ហានេះ ទើបធ្វើឲ្យការនាំចេញអង្ករនៅដំណាច់ឆ្នាំនេះ បានត្រឹមចំនួន ៥៤ម៉ឺនតោន ធៀបកាលពីដំណាច់ឆ្នាំ២០១៥ កើន ០,៧% ។

លោកបានបន្តទៀតថា  ក្នុងពេលនេះគួរតែមានយន្តការរួបរួមគ្នាមួយ ដែលមានប្រសិទ្ធភាព ដើម្បីជម្រុញ ការនាំចេញនៅឆ្នាំក្រោយមានភាពល្អប្រសើរ ហើយការងារនេះសំខាន់ត្រូវតែកែសម្រួលសកម្មភាព នៃការគាំទ្រគោលនយោបាយនាំចេញអង្ករឡើងវិញ។

លោក បានលើកឡើងថា ឥឡូវនេះ មិនទាន់បានបញ្ចប់នៃការកែសម្រួលគោលនយោបាយដែលបានអនុម័ត កាលពីឆ្នាំ២០១០នៅឡើយទេ។ដូច្នោះ ធ្វើយ៉ាងណាត្រូវឲ្យគោលនយោបាយ និងការនាំចេញអង្ករនេះបានជោគជ័យ។

លោក បានបន្ថែមថា ទោះយ៉ាងគ្រប់គ្នាសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលគោលនយោបាយខាងលើនេះ នឹងឈានដល់ភាពជោគជ័យបានជាមិនខាន។

សម្រាប់ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia បានថ្លែងថា រយៈពេលឆ្នាំ២០១៦ កម្ពុជាជួប ភាពរាំងស្ងួន មិនបាននាំចេញពីរឫ បីខែហើយ ដែលការនាំចេញអាចមានចំនួនលើសពីតួលេខដែលបានបង្ហាញខាងលើនេះ។ដូច្នោះ ចំណុចមួយទៀតតម្លៃស្រូវមានតម្លៃថោកដូចនេះ តួលេខនាំចេញគិតជាថវិកាតិចមិនដូចកាលពីឆ្នាំ២០១៥ទេ។

លោកបានបន្តទៀតថា គោលនយោបាយនាំចេញអង្ករត្រូវតែធ្វើការកែសម្រួលច្រើន សំខាន់កុំមានតែទ្រឹស្ដីត្រូវមានស្ថាប័នណាមួយជាអ្នកអនុវត្តផ្ទាល់ឲ្យបានពិតប្រាកដ និងជាប្រចាំទើបអាចដោះស្រាយបាននៅឆ្នាំក្រោយ។

លោកបានបន្ថែមថា ការដែលរដ្ឋាភិបាលចាប់អារម្មណ៍ធ្វើឃ្លាំងស្តុកទុកអង្ករនេះជារឿងត្រឹមត្រូវហើយ ព្រោះវាជាអាទិភាព ទី១ និងទី២ បើសិនជារដ្ឋធ្វើកន្លែងទុកដាក់ស្រូវ ដើម្បីឲ្យ សហគមន៍កសិករបាន នឹងធ្វើឲ្យតម្លៃស្រូវប្រសើរឡើងវិញផងដែរ៕