កម្ពុជា​ប្ដេជ្ញា​ធ្វើ​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ មាន​ស្ថិរភាព​

454

ភ្នំពេញ ៖ នៅក្នុងសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី ០៣ មករា ឆ្នាំ ២០១៧ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាថា នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មានស្ថិរភាព តាមរយៈការបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

សូមរម្លឹកផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជាឯកច្ឆន្ទឱ្យធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO កាលពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៦ សម្រាប់អាណត្តិ ខែ កុម្ភៈ ឆ្នាំ ២០១៧ ដល់ខែ កុម្ភៈ ឆ្នាំ ២០១៨។

ការសម្រេចនេះ ត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃលើកម្ពុជា ដោយសារធ្លាប់ជាប្រទេ សអភិវឌ្ឍតិចតួចដំបូងគេ ដែលបានចរចាដោយជោគជ័យ និង ក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៤។ កត្តាមួយទៀត គឺកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដោយរក្សាបានកំណើនជាមធ្យមក្នុងរង្វង់ ០៧ ភាគរយ។

កំណើនទំហំពាណិជ្ជកម្មពី ១៣ ពាន់លានដុល្លារនៅឆ្នាំ ២០១១ កើនដល់ជិត ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០១៤ ព្រមទាំងបានកាត់បន្ថយភាពក្រក្រីពីជាង ៥៣ ភាគរយនៅឆ្នាំ ២០០៤ មកនៅត្រឹមជាង ១១ ភាគរយនៅឆ្នាំ ២០១៥ ក៏ជាកត្តារួមផ្សំ ដែលធ្វើឱ្យមានការសម្រេចជាឯកច្ឆន្ទឱ្យកម្ពុជា ធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកអាណត្តិ ២០១៧-២០១៨ ផងដែរ។ ក្រៅពីនេះ លទ្ធផលវិជ្ជមានទាំងអស់នេះ ក៏បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូ ដល់ប្រទេសអភិវឌ្ឍតិចតួចដទៃថែមទៀត។

សូមបញ្ជាក់ផងដែរថា ប្រទេសដែលមានការអភិវឌ្ឍតិចតួច មានចំនួន ៤៨ ក្នុងនោះ មាន ប្រទេសចំនួន ៣៦ បានក្លាយជាសមាជិករបស់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និង មានប្រទេសសមាជិកសង្កេតការណ៍ចំនួន ៨ ផ្សេងទៀត។ តាមគម្រោងក្រុមប្រទេសទាំងនេះ នឹងរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១១ ចាប់ពីថ្ងៃទី ១១ ដល់ ១៤ ធ្នូ ឆ្នាំ ២០១៧ នៅទីក្រុង ប៊ូអេណូស អ៊ែររេស ប្រទេសអាហ្សង់ទីន៕