ក្រសួង​បាន​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ បាន​ជាង​១០​ម៉ឺន​បំណែក​រហូត​មក​ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនេះ​

126

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ អះអាង មកដល់បច្ចុប្បន្ន ក្រសួងបានអភិរក្សអដ្ឋិធាតុជនរងគ្រោះស្លាប់ក្នុងរបបប្រល័យពូជសាសន៍ បានជាង១០ម៉ឺនបំណែក នៃឆ្អឹងផ្សេងៗ និងជាង១ម៉ឺននាក់ នៃជនរងគ្រោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ នៅទីសី្តការក្រសួង លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ការអភិរក្សនេះ គឺដើម្បីរក្សាទុកជាភស្តុតាងជូនជនរងគ្រោះទាំងអស់ និងទុកជូនដល់ប្រជាជនមួយចំនួនតូច ដែលមានមតិផ្ទុយ មិនទទួលស្គាល់ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងមិនដឹងគុណថ្ងៃ៧ មករា ឆ្នាំ១៩៧៩ សម្រាប់ជាភស្តុតាងបង្ហាញ នូវការវិភាគលើសាកសព លលាដ៍ក្បាលសាកសពជនរងគ្រោះ ដែលមានស្នាមវៃ មានស្នាមកាប់ មានស្នាមអាករ មានស្នាមអាស្លឹកត្រចៀក ចងស្លាបសេក និងក្រណាត់រំមុខ។

លោកបន្តថា គម្រោងអភិរក្សអដ្ឋិធាតុជនរងគ្រោះ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាគម្រោងមួយដ៏មានន័យបំផុត ពីព្រោះវាជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ ដែលយកអដ្ឋិធាតុពីផ្នូរសាកសពរួម យកមកវិភាគប្រមូលទុកទិន្នន័យដែលមាននៅលើដី និងនៅក្នុងស្តូបគោរពវិញ្ញាណក្ខន្ធ មកចងក្រងទុកជាឯកសារ។

លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋកម្ពុជាស្ទើរតែទាំងអស់នៅក្នុងប្រទេស មានប្រជាពលរដ្ឋសាមញ្ញ សហគមន៍ សាសនា និងរដ្ឋាភិបាលគាំទ្រការអភិរក្សថែរក្សាលលាដ៏ក្បាល និងអដ្ឋិធាតុផ្សេងៗដែលបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ ព្រោះការអភិរក្សអដ្ឋិធាតុទាំងនោះទុកជាភស្តុតាងសម្រាប់ជាមេរៀនប្រវត្តិសាស្ត្រដល់មនុស្សជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ ។ ក្រោយពីបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមការងារអភិរក្សមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងថែរក្សាបំណែកឆ្អឹងទាំងនោះឲ្យនៅគង់វង្ស ក៏ដូចជាថែរក្សាជាសម្បត្តិប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។ នៅឆ្នាំ២០១៣ គម្រោងអភិរក្សជាលក្ខណៈវិទ្យាសាស្ត្រ ត្រូវបានអនុវត្តដោយបុរាណវិទូខ្មែរដោយយករូបមន្តបច្ចេកទេសពីបរទេស ដើម្បីថែរក្សាអដ្ឋិធាតុទាំងនោះឲ្យមានអាយុកាលយូរអង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្ត្រកម្ពុជាតទៅអនាគត៕