យុវជន​ថ្កោលទោស​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល​ ពត​ និង​ ប្រកាស​គាំទ្រ​ ការ​អភិវឌ្ឍន៍​ប្រទេស​នា​ពេល​បច្ចុប្បន្ន

167

ភ្នំពេញ ៖ ក្រុមយុវជន បានប្រកាសថ្កោលទោសចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ជាង៣លាននាក់ និង ប្រកាសគាំទ្រ យ៉ាងពេញ ទំហឹងចំពោះការអភិវឌ្ឍន៍ ប្រទេសនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រី ។

ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “សសយក” បានប្រកាសបែបនេះ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ខណៈចូលរួមគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនជនរងគ្រោះជាប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត នាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងខណ្ឌដង្កោ ។

លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាតំណាងលោក ហ៊ុន ម៉ានី ប្រធាន “សសយក” បានលើកឡើងថា ក្នុងនាម ជាយុវជនជំនាន់ក្រោយ សូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ។

ឆ្លៀតក្នុងឱកាសថ្ងៃទី៧ ខែមករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដ៏យង់ឃ្នងនេះ លោក គីម រិទ្ធី ប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និង ទទួលស្គាល់នូវការអភិវឌ្ឍន៍ ជាក់ស្តែង ពីបាតដៃទទេ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងធនធានមនុស្ស និងកសាង ធនធានសេដ្ឋកិច្ច ។

លោក គីម រិទ្ធី បញ្ជាក់ថា បើយើងក្រឡេកទៅមើល៣៨ឆ្នាំមុន យុវជនជំនាន់នេះពិតជាមានមោទនភាព ជាទីបំផុត ដែលរាជរដ្ឋាភិបាលបច្ចុប្បន្ន បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនបែបនេះ ។

ក្រុមយុវជនជាច្រើននាក់ទៀត ដែលបានចូលរួមក្នុងពិធីនេះ ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាមានមោទនភាពជាខ្លាំងចំពោះការអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន ហើយពួកគេមិនចង់សោះឡើយឲ្យប្រទេសវិលត្រឡប់ទៅរកសង្គ្រាម ដ៏គួរឲ្យស្អប់ខ្ពើមនោះ ៕

btvnews06-01-20173