ទេសរដ្ឋមន្ត្រី លី ធុជ ស្នើ​ឲ្យ​អាមេរិក​ជួយ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​ទឹកដី​កម្ពុជា​ឲ្យ​អស់​

156

រតនគិរី ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីម្សិលម៉ិញ បានធ្វើដំណើរទៅពិនិត្យការបោសសម្អាតកាកសំណល់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់ពី សង្គ្រាម នៅក្នុងខេត្តរតនគិរី។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានសំណូមពរដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យជួយពន្លឿន ការបោសសម្អាតកាកសំណល់ជាតិផ្ទុះ ដែលនៅសេសសល់កាលពីសម័យសង្គ្រាម វៀតណាម ដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា កាលពីទសវត្សទី៦០-៧០ ឲ្យបានឆាប់រហ័ស ដើម្បីកុំឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលរងនូវគ្រោះថ្នាក់នេះបន្តទៀត។

ឯកឧត្តម លី ធុជ បានសំណូមពរយ៉ាងដូច្នេះ តាមរយៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេដ ខណៈពេលដែលលោកទូតបានអញ្ជើញទៅពិនិត្យដំណើរការបោសសម្អាតកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីម្សិលម៉ិញ ថ្ងៃទី០៥ ខែមករា នេះ។

ឯកឧត្តម បានបញ្ជាក់ថា បើទោះជាសង្គ្រាមត្រូវបានបញ្ចប់ក៏ដោយ ក៏យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ បានបន្តសម្លាប់មនុស្សអស់ជាច្រើននាក់ទៀតរហូតមកទល់ពេលនេះ ។ ក្នុងឆ្នាំ១៩៩៦ ប្រជាពលរដ្ឋកម្ពុជាប្រមាណបួនពាន់នាក់ ត្រូវបានស្លាប់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ តែវាបានថយចុះជាបន្តបន្ទាប់មកដល់ឆ្នាំ២០១៤-២០១៥ ដែលសម្លាប់មនុស្សជាង១០០នាក់ និងឆ្នាំ២០១៦នេះ វាសម្លាប់មនុស្សតែប្រមាណ៨៣នាក់ប៉ុណ្ណោះ។

ឯកឧត្ដម វីលៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់កម្ពុជា លើវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រយៈពេល២០ឆ្នាំមកហើយ ដោយចំណាយថវិកាអស់ជាងមួយរយលានដុល្លារសហរដ្ឋអាមេរិកផងដែរ។ ឯកឧត្ដម បានសន្យាថា សហរដ្ឋអាមេរិក នឹងនៅតែបន្តជួយគាំទ្រដល់ដំណើរការបោសស្អាតមីនជូនដល់ប្រទេសកម្ពុជា។

ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នក្នុងខេត្តរតនគិរី មានអង្គការចំនួនពីរ គឺអង្គការ NPA និងអង្គការ MAT បាននិងកំពុងអនុវត្តសកម្មភាពបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ខេត្ត ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋខេត្តរតនគិរី។

ឯកឧត្ដម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានដីចម្ការ និងដីលំនៅឋានប្រជាពលរដ្ឋ សរុបជាង១៥លាន៦សែនម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួចរាល់ បានកម្ទេចគ្រាប់មិនទាន់ផ្ទុះចំនួនជាងមួយម៉ឺនពីរពាន់គ្រាប់ ប្រមូលបានអំបែងគ្រាប់យន្តហោះទម្លាក់ចំនួនជាង៣សែន៥ម៉ឺនអំបែង ដោយគិតចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦៕

photo_2017-01-05_13-58-10 photo_2017-01-05_13-58-07 photo_2017-01-05_13-57-43 photo_2017-01-05_13-56-55 photo_2017-01-05_13-57-32 photo_2017-01-05_13-58-04 photo_2017-01-05_13-57-54 photo_2017-01-05_13-57-46 photo_2017-01-05_13-58-01