ប្រធាន​ACU​អះអាង​ថា​នឹង​នៅតែ​បន្ត​សង្កេតការណ៍​ប្រលង​បាក់​ឌុប​នៅ​ឆ្នាំ​បន្តបន្ទាប់​ប្រសិនបើ​ក្រសួង​អប់រំ​នៅតែ​ស្នើ​សហការ​

240

ភ្នំពេញ៖ ប្រធានអង្គភាពអំពើពុករលួយ អះអាងនៅថ្ងៃទី០៦ ខែមករានេះ ថានឹងនៅតែបន្តដាក់អ្នកសង្កេតការណ៍ការប្រលងបាក់ឌុបនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ប្រសិនបើក្រសួងអប់រំយុវជន និងកីឡា នៅតែបន្តសហការជាមួយដើម្បីធ្វើការងារនេះ។

ក្នុងឱកាសជួបជុំអ្នកសង្កេតការណ៍ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ប្រមាណ៦.១០០នាក់ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ ស្ម័គ្រចិត្តសង្កេតការណ៍ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា ប្រលងបាក់ឌុប នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ប្រសិនបើក្រសួងអប់រំ នៅតែបន្តមានតម្រូវការឲ្យជួយសហការ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យិនទៀង បានចាត់ទុកថា គ្រប់អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រលងបាក់ឌុប គឺជាសាក្សីនៃមនុស្សទូទៅលើកិច្ចការប្រលងបាក់ឌុបនេះ ហើយក៏ជាអ្នកផ្តល់នូវភាពយុត្តិធម៌ ជូនបណ្តាបេក្ខជន បេក្ខនារីប្រលងបាក់ឌុបដូចគ្នា ហើយថាគ្រប់ភាពជោគជ័យ នៃការប្រលងទាំងនោះ គឺកើតចេញមកពីការខិតខំកែទម្រង់រដ្ឋរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

កន្លងមក រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្ដម ហង់ ជួនណារុន បានលើកឡើងថាបើកាលឯកឧត្ដម នៅតែមានមុខតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានោះ គឺឯកឧត្ដមនឹងនៅតែបន្តសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយធ្វើសកម្មភាពរឹតបន្តឹងការប្រលងនេះឲ្យកាន់តែខ្លាំងឡើងៗនៅរៀងរាល់ការប្រលង សំដៅធ្វើយ៉ាងណា ឲ្យការប្រលងនោះ អ្នកចេះ គឺជាប់។

នេះជាឆ្នាំទី៣ហើយដែលក្រសួងអប់រំបានជាមួយអង្គភាពប្រឆាំងអំពុករលួយចាត់វិធានអំពើពុករលួយ និងភាពមិនយុត្តិធម៌ក្នុងប្រលងបាក់ឌុប។ ក្នុងចំណាត់ការរយៈពេលបីឆ្នាំមកនោះមានគ្រូអនុរក្សសិស្សប្រលងមួយចំនួនតូចដាក់ពិន័យខ្លះបញ្ជូនទៅតុលាការនិងខ្លះបានកោះហៅទៅធ្វើការអប់រំណែនាំ៕