​លែង​គោ​ចោល​​យ៉ាង​អានាធិបតេយ្យ​ នៅ​ក្រុង​ប៉ោយប៉ែត​​​ ! គោ​ជល់​មនុស្ស​​​​៣​នាក់ ​ម្នាក់​រង​របួស​ធ្ងន់​

70

បន្ទាយមានជ័យ ៖ គោឡើង-ក ១ក្បាល បានដេញជល់ទាំងកម្រោល លើមនុស្សចាស់-ក្មេង៣នាក់ តែរងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតរត់គេចខ្លួនទាំងព្រលឹងចុងសក់។ ហេតុការណ៍ចុងក្រោយកើតឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦  នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍ បាននិយាយថា  គោឡើង-ក កាចណាស់ បានដេញជល់អ្នកស្រុកមួយចំនួន ក្នុងនោះស្ត្រីចំណាស់ម្នាក់ដែលរត់មិនរួចមានឈ្មោះឡោ សុត អាយុ៧៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ រងរបួសធ្ងន់ រយះជើងខាងឆ្វេង។ ជល់ក្មេងប្រុសដួលលើពំនូកខ្សាច់ ហើយត្រូវអ្នកស្រុកជួយទាន់។ ចំណែកប្រពន្ធលោកមេភូមិក៏ត្រូវបានគោដដែលដេញជល់គ្រេចដៃតែត្រូវលោកមេភូមិជួយទាន់។

អ្នកភូមិ បានបន្ដថា មុនដំបូងៗ គ្មាននរណាហ៊ានចូលចាប់គោដែលក្រពុលមុខនោះទេ ព្រោះ គ្រាន់ទៅជិតក៏មិនបានផង ដោយគោនោះគ្មានកន្លុះ ឫ ខ្សែផង។តែអ្នកសង្គ្រោះគ្រប់គ្នាចង់បានភស្តុតាង ជាក់ស្តែង ពួកគេបានប្រើឧបករណ៍សំណាញ់គ្រប អីវ៉ាន់លើរថយន្តទៅបោះគ្រប លើគោនោះទើបចាប់វាបាន ហើយចងខ្សែវិញ។ អ្នកភូមិ បានឲ្យដឹងទៀតថា ហ្វូងគោ នោះ ជារបស់គ្រួសារគ្រូបង្រៀនសាលាឯកជនមួយនៅក្រុងប៉ោយប៉ែត។

សូមរំលឹកថា នៅក្រុងប៉ោយប៉ែត ក៏មានគោច្រើនហ្វូង ជាត្រូវបានហូត កន្លុះ លែងចោលដើរ ពាសវាលពាសកាល ប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ផង គ្មានសណ្តាប់ធ្នាប់ផង និងគ្មានការទទួលខុសត្រូវផង៕

photo_2017-01-11_16-05-38 photo_2017-01-11_16-06-05 photo_2017-01-11_16-05-51 photo_2017-01-11_16-05-58 photo_2017-01-11_16-05-44