មន្ត្រីនគរបាល​ខេត្តស្វាយរៀង ​ចុះ​អប់រំ​អ្នកបើកបរ​រថយន្ត​ឲ្យ​កាន់តែ​យល់​ច្បាប់​ចរាចរណ៍

534

ស្វាយរៀង  ៖ មន្ត្រីនគរបាលខេត្តស្វាយរៀង បានប្រាប់ក្រុមអ្នកបើកបរថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ ក្រុមអ្នកបើកបរ ត្រូវយល់ដឹងពីច្បាប់ឲ្យបានច្បាស់លាស់ និងបើកបរប្រកបដោយវិជ្ជាជីវៈ។

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាល បានថ្លែងប្រាប់ក្រុមអ្នកបើកបររថយន្តថា ដើម្បីបញ្ចៀសបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុនោះ អ្នកបើកបរទាំងអស់ត្រូវប្រកាន់ជំហរស្របច្បាប់ ដូចជាបើកបរប្រកាន់ស្តាំ បើកបរមិនជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនត្រូវប្រើប្រាស់គ្រឿងញៀន។

លោកឧត្ដមសេនីយ៍ទោ បានធ្វើការរំឭកដូច្នេះ ក្នុងពេលដឹកនាំកម្លាំងចុះណែនាំតម្រង់ ទិស រយៈពេល៣ថ្ងៃ ដល់ក្រុមអ្នកបើបរយានយន្តគ្រប់ប្រភេទ នៅក្នុងក្រុងបាវិត នៅថ្ងៃទី១១ ខែមករា នេះ នៅទីលានតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា ការដែលមន្ត្រីនគរបាលខេត្ត បើកយុទ្ធនាការចុះណែនាំតម្រង់ទិសដល់ក្រុមអ្នកបើកបរដឹកកម្មកររោងចក្រ និងអ្នកដឹកជញ្ជូនតាមយានយន្តដូចនេះ ក៏ព្រោះតែតាមការសង្កេតកន្លងមក គឺការគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនលើក បណ្តាលមកពីកត្តាអ្នកបើកបរមិនគោរពច្បាប់ បើកបរមិនគោរពសិទ្ធអាទិភាព បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានណែនាំដល់ក្រុមអ្នកបើកបរទាំងនោះថា ចាប់ពីថ្ងៃនៃយុទ្ធនាការតម្រង់ទិសនេះទៅ ត្រូវប្រកាន់ឥរិយាបថ ជាអ្នកបើកបរមានវិជ្ជាជីវៈអាជីពមួយច្បាស់លាស់ បើកបរមិនជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរចេះយោគយល់និងអធ្យាស្រ័យ បើកបរគ្មានសារធាតុញៀនគ្រប់ប្រភេទក្នុងខ្លួន ពិសេសរៀបចំយានយន្តអោយមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ និងបើកបរកុំអោយមានកំហឹងនៅក្នុងខ្លួន ដែលជាហេតុមួយបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ និងអ្នករួមដំណើរដែលពួកគេកំពុងផ្ញើអាយុជីវិតនៅលើយានយន្ត។

ខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ធំៗ ដែលបង្កឡើងដោយក្រុមអ្នកបើកបរដឹកជញ្ជូនក្រុមកម្មករ បានកើតឡើងចំនួន៨លើក និងគ្រោះថ្នាក់បង្កដោយមធ្យោបាយផ្សេងៗចំនួន១៦៩លើក ក្នុងនោះបង្កអោយមនុស្សចំនួន៥៨នាក់ស្លាប់ និងជាង៦០០នាក់ផ្សេងទៀតរបួស ពិការ និងបាត់បង់សមត្ថភាពពលកម្ម៕

polish-bavit polish-bavit1 polish-bavit2