សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​អញ្ជើញ​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៦​ និង​ទិសដៅ​ផែនការ​ឆ្នាំ​២០១៧​ ​សាខាកាកបាទ​ក្រហមរាជ​ធានី​ភ្នំពេញ

913

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់សិល្បករសិល្បការិនី ទាំងអស់ សូមជួយចូលរួមផ្សព្វផ្សាយជាមួយកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសយុវជនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌នៅសង្គម។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ដូចនេះខណៈពេលអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៧ នៅសាលារដ្ឋបាល រាជធានី ភ្នំពេញ ។

ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញបានរាយការណ៍ឱ្យដឹងថាក្នុងឆ្នាំ២០១៦កន្លងមកនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់គណៈកិត្តិយសសាខា គណៈកម្មាធិការនិងគណៈអនុគណៈកម្មាធិការសាខាទាំង១២ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជន កាកបាទ ក្រហមកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់បានធ្វើឱ្យសាខាកាកបាទក្រហមកម្ពុជាសម្រេច បានសមិទ្ធផល និងការងារជាច្រើន កាលពីឆ្នាំ២០១៦កន្លងមកនេះ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បញ្ជាក់ជូនថាឆ្លងតាមកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃ អង្គប្រជុំបានប្ដេជ្ញាចិត្តរួមគ្នាដើម្បីពុះពារជម្នះគ្រប់ឧបសគ្គដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាននិងបានឯកភាពទៅលើទិសដៅ អនុវត្តន៍ការងាររបស់សាខាកាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញឆ្នាំ២០១៧ ដែលជាឆ្នាំយុទ្ធសាស្ត្រ ក្នុងការពង្រីក វិសាលភាព នៃការផ្ដល់សេវាលើការងារមនុស្សធម៌ ពង្រឹង និងពង្រីកការទទួលខុសត្រូវ ដោយត្រូវបន្តកសាងសមត្ថភាព អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន ដើម្បីធានាបាន នូវស្ថិរភាពការងារ ភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុរបស់ សាខា និងអនុសាខា ក្នុងបុព្វហេតុបន្តជួយ សង្គ្រោះ និងដោះ ស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ឱ្យរួចផុតពីការរងគ្រោះ និងភាពងាយរងគ្រោះប្រកបដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ទន្ទឹមគ្នាទៅនឹងការបន្តខិតខំកៀងគរប្រភពចំណូល និងការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជន អង្គការជាតិ អន្តរជាតិ និងដៃគួរ អភិវឌ្ឍន៍ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការលើកតម្លៃមនុស្សជាតិ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែល បានខិតខំប្រឹងប្រែង សហការរួមគ្នាអនុវត្តន៍ទិសដៅ និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញបេសកកម្មមនុស្សធម៌ក្នុងមូលដ្ឋានរបស់ខ្លួនសម្រេចបានសមិទ្ធផល និងស្នាដៃការងារគួរឱ្យកត់ សម្គាល់ ក្នុងឆ្នាំ២០១៦កន្លងមកនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្នាដៃ និងសមិទ្ធផលទាំងនេះ បានកើតឡើងពីការយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អនុសាខាទាំង១២មន្រ្តីប្រតិបត្តិអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជានិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នាពុះពាររាល់ការលំបាកប្រកបដោយការប្ដេជ្ញាខ្ពស់ ការទទួលខុសត្រូវស្មារតីមុះមុតអង់អាចក្លាហានក្នុងបេសកកម្មជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះបានទាន់ពេលវេលានៅគ្រប់ទីកន្លែងគ្រប់កាលៈទេសៈនិងមានប្រសិទ្ធភាពដោយមិនរើសអើងជាតិសាសន៍សាសនាពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ស្រប តាមខ្លឹមសារ នៃពាក្យស្លោកដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហម កម្ពុជា។

ស្ថិតក្នុងឱកាសនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ជូនអនុសាសន៍ សំខាន់ មួយចំនួនសម្រាប់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី ខេត្ត ពិសេសសាខាកាកបាទក្រហមកម្ពុជា រាជ ធានីភ្នំពេញ ក្នុងស្មារតីយកទៅអនុវត្តក្នុងឆ្នាំ២០១៧នេះ រួមមាន៖ ទី១ត្រូវបន្តថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃ ក្នុងឱ្យបានជិតស្និត និងមានភាពសុខដុមរមនារវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាព របស់ខ្លួន ក៏ដូចជាស្ថាប័នកាកបាទក្រហមកម្ពុជាទាំងមូល។ ទី២ត្រូវបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍ស្ថាប័ន និងការ អភិវឌ្ឍធនធានទាំងថ្នាក់សាខានិងអនុសាខា តាមទិសវិមជ្ឈការ និងវិសហមជ្ឈការដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្ខិតសេវាមនុស្សធម៌ឱ្យទៅកៀកជិតប្រជាពលរដ្ឋ សំដៅបង្កើនជំនឿជឿជាក់ពីសំណាក់សហគមន៍និងមជ្ឈដ្ឋានទូទៅ។ ទី៣ត្រូវបន្តខិតខំបេសកកម្មមនុស្សធម៌ ឱ្យកាន់តែសកម្មខ្លាំងក្លា លើការពង្រឹងសមត្ថ ភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការគាំពារថែរក្សា និងការកែលម្អសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសក្រុមជនងាយរងគ្រោះ រួមមានចាស់ជរា ជនគ្មានទីពឹងស្ត្រីមេម៉ាយទុរគតស្ត្រីសម្រាលកូនកុមារគរថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ ទី៤ត្រូវបន្តពង្រឹងនិងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាឱ្យទៅជាបណ្ដាញរឹងមាំ និងជាកម្លាំង ចលករ ដ៏សកម្មក្នុងការផ្ដល់សេវាមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ទី៥ត្រូវបន្ត ពង្រឹង និងពង្រីកសមាជិកភាព លើកកម្ពស់ការកៀរគរមូលនិធិ ប្រភពចំណូល និងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បី ពង្រឹងភាពម្ចាស់ការ នៃការអភិវឌ្ឍស្ថាប័ន និងត្រូវរក្សាឱ្យបាននូវគោលការណ៍ តម្លាភាព និងគណនេយ្យភាព នៃការប្រើប្រាស់មូលនិធិនិងទ្រព្យសម្បត្តិរបស់សាខា។

ជាមួយគ្នានេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងវិស័យឯកជន សប្បុរស ជនជាតិ និងអន្តរជាតិ និងដៃគួរអភិវឌ្ឍន៍ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈ ដើម្បីផ្ដល់លទ្ធភាព និងបង្កលក្ខណៈដល់សាខាកាកបាទក្រហមកម្ពុជា អាចបំពេញសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់ តែប្រសើរ ស្របតាមការប្ដេជ្ញាចិត្ត ដង្ហែតាមព្រះរាជវីរៈគំរូមនុស្សធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់សិល្បករសិល្បៈការិនី ដែលមានស្នាដៃចូលរួមក្នុង កិច្ចការសង្គម និងការងារមនុស្សធម៌ផងដែរ ដែលមានចំនួន ៣៨នាក់ ៕

10

6812 3 4


9