UN​គ្រោង​នឹង​ផ្តល់​ជំនួយ ​៥​លាន​ដុល្លារ​បន្ថែម​ទៀត ​ដល់​កម្ពុជា​សម្រាប់​ជួយ​លើ​កម្មវិធី​ស្ត្រី​

110

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី បានថ្លែងថា អ្នកស្រី Janet WONG តំណាងថ្មីនៃអង្គការ UN Women ប្រចាំនៅកម្ពុជាគ្រោងចំណាយថវិកាចំនួន ៥លានដុល្លារបន្ថែមទៀត ដើម្បីជួយស្ត្រីកម្ពុជាសម្រាប់កម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងស្ដ្រីសម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីកិច្ចជំនួបរវាងទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងហប្រតិបត្តិការអន្តរជាតិឯកឧត្ដម ប្រាក់ សុខុន ជាមួយលោកស្រី Janet WONG នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ថាលោក ជុំសន្ទរី បានលើកឡើងថា “នៅក្នុងឆ្នាំ២០១៦ដល់ឆ្នាំ២០១៨នេះ អង្គការ UN Women គ្រោងថវិកា ចំនួន ៥លានដុល្លារដើម្បីជួយដល់កម្មវិធីផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងសារប្រយោជន៍ របស់ស្ដ្រីនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើកម្ពស់ស្ត្រីក្លាយជាអ្នកដឹកនាំ និងលុបបំបាត់ហិង្សាលើស្ត្រីជាដើមនោះ។

លោកបន្ដថា អង្គការ UN Women បានបង្កើតការិយាល័យ នៅកម្ពុជាក្នុងឆ្នាំ២០១០ហើយអង្គការ UN Women បានជួយមកកម្ពុជាចំនួន២លានដុល្លារមកដល់ស្ដ្រីកម្ពុជាក្នុងការបង្កើតកម្មវិធីផ្សេងៗនៅឆ្នាំ២០១៥។ តែយ៉ាងណាក្តីនៅក្នុងកិច្ចជំនួបនោះអ្នកស្ត្រី Janet WONG បានសន្យាចំពោះមុខប្រមុខការទូតកម្ពុជាថានឹងខិតខំធ្វើយ៉ាងណាជួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតផងដែរសម្រាប់លើកកម្ពស់យេនឌ័រ របស់ស្ត្រីនៅកម្ពុជានោះ។

ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានសន្យាថានឹងខិតខំធ្វើយ៉ាងណាសហការធ្វើការជាមួយនិងអង្គការ UN Womenក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រីនៅកម្ពុជាឲ្យកាន់តែល្អប្រសើបន្ថែមទៀត។ ជាងនេះទៅទៀតឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុនក៏បានថ្លែងអំណរគុណដល់ភាគី UN ដែលបានជួលដល់ប្រទេសកម្ពុជានាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះផងដែរ៕