កម្ពុជា​ស្នើ​ភាគី​អាល្លឺម៉ង់​ឲ្យ​បន្ត​ជំនួយ​ដល់​ខ្លួន​បន្ថែម​ទៀត​លើ​វិស័យ​ដោះ​មីន​

132

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានស្នើដល់ភាគីអាល្លឺម៉ង់ឲ្យបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជាបន្ថែមទៀតលើវិស័យដោះមីន និងអភិរក្សផ្ទាំងសិលាប្រាសាទ។

ការស្នើររបស់ប្រមុខការទូតរួបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនិងលោកបណ្ឌិត Ingo Heinz Karsten ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជានាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះនាទីស្តីការក្រសួង។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា កម្ពុជាចង់ឲ្យប្រទេសអាល្លឺម៉ង់ បន្តជំនួយដល់សកម្មភាពដោះមីន និងគម្រោងអភិរក្សផ្ទាំងសិលា នៅតាមប្រាសាទនានា ក្នុងប្រទេសកម្ពុជា។

លោក ជុំ សុន្ទរី កម្ពុជាស្វាគមន៍ ចំពោះបំណងប្រាថ្នារបស់ រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបន្តជំនួយ នៃគម្រោងអភិរក្សផ្ទាំងសិលានៅកម្ពុជា។ តែយ៉ាងណាក្តីកម្ពុជាបានវាយតម្លៃខ្ពស់ក្នុងការជួយឧបត្ថម្ភរបស់អាល្លឺម៉ង់ ចំពោះសកម្មភាពដោះមីន ដល់អង្គការCMACកម្ពុជាក្នុងខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ក្នុងរយៈកាល១៨ឆ្នាំកន្លងមកនេះជាពិសេសនោះកម្ពុជាចង់ឲ្យអាឡឺម៉ង់ បន្តនូវជំនួយឧបត្ថម្ភនេះដល់កម្ពុជាលើសកម្មភាពដោះមីនបន្ថែមទៀត។

បើតាមអ្នកនាំពាក្យរូបនេះ បានបន្តទៀតថា នៅក្នុងកិច្ចជំនួបភាគីទាំងពីរបានសន្យារួមគ្នាថានឹងខិតខំធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នានិងគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតជាពិសេសលើពាណិជ្ជកម្មតែម្តង។

ជាមួយគ្នានោះដែរ បើតាមលោក ជុំ សុន្ទរី បានបញ្ជាក់ថា គណៈប្រតិភូរបស់សភាអាល្លឺម៉ង់ គ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជា នៅដើមកុម្ភៈខាងមុខ ដើម្បីពិនិត្យពីលទ្ធភាព ក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេសក្នុងឱកាសដំណើរទស្សនកិច្ចនោះ គណៈប្រតិភូនឹងទៅធ្វើទស្សនកិច្ចគម្រោង អភិរក្សផ្ទាំងសិលា ដែលជាជំនួយរបស់អាល្លឺម៉ង់ នៅក្នុងខេត្តសៀមរាបផងដែរ៕