ម្ចាស់​ជយលាភី​លេខ​២​ផ្នែក​ចម្រៀង​ចាប៉ី លោកតា សួន សាន អះអាង​ថា ទោះបី​ក្រ​ក៏​មិន​ដើរ​សុំទាន​គេ​

235

ភ្នំពេញ៖ ម្ចាស់ជយលាភីលេខ២ទូទាំងប្រទេសផ្នែកចម្រៀងចាប៉ី នាឆ្នាំ២០០២ លោកតា សួន សាន អះអាងថា ទោះបីលោកតាក្រក៏មិនដើរសុំទានគេដែរ ពោល គឺខិតខំតស៊ូរស់នៅខ្លួនទីពឹងខ្លួន។

លោកតា សួន សាន វ័យ៦៩ឆ្នាំ ដែលអង្គុយលើរទេះរុញ ស្ថិតក្នុងផ្ទះជួលជាន់ទី២ នាសង្កាត់បឹងទំពុន ខណ្ឌមានជ័យ អះអាងប្រាប់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ថា លោកតាសព្វថ្ងៃពុំអាចដើរបានទេ ដោយពិការជើងតាំងពីសម័យសង្គ្រាមមកម្ល៉េះ។ ប៉ុន្តែ លោកតា នៅតែខិតខំប្រឹងប្រែងរស់ និង តស៊ូរហូតទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកចម្រៀងចាប៉ី ។

លោកតា បញ្ជាក់ថា បច្ចុប្បន្នលោកតាមានកូនប្រុសស្រីចំនួន ៦នាក់ តែមានកូនពីរនាក់និងប្រពន្ធប៉ុណ្ណោះ ដែលរស់នៅជាមួយលោកតា។

ដោយឡែកកូនប្រុសលោកតា សួន សាន គឺ លោក យ៉ា សិលា អាយុ២៣ឆ្នាំ បញ្ជាក់ថា សព្វថ្ងៃនេះ ពួកគាត់ជួបការលំបាក សម្រាប់ជីវភាពគួរសមដែរ ដែលប្រឈមនឹងបញ្ហាហូបចុកប្រចាំថ្ងៃ និង ថ្លៃផ្ទះជួលជារៀងរាល់ខែ។ លោក យ៉ា សិលា ដែលត្រូវបានឪពុកបណ្ដុះបណ្ដាលឲ្យមានទេពកោសល្យខាងចម្រៀង ក៏កំពុងស្ថិតនៅដំណាក់កាលប្រកួតប្រជែងចម្រៀងផងដែរ។

បើទោះបីជាលោកតា សួន សាន ពិការជើងនិងមានសុខភាពមិនសូវល្អក្តី តែការបញ្ចេញសមត្ថភាពផ្នែកចម្រៀងចាប៉ី នៅតែល្អប្រសើរ និង មានអត្ថន័យ។

ជាមួយគ្នានេះ ក្រុមគ្រួសារលោកតា សួន សាន ដែលជានិវត្តន៍ជនទទួលបាន១០០ដុល្លារក្នុងមួយខែ ក៏បានអំពាវនាវរកជំនួយសប្បុរសធម៌ផងដែរ ដើម្បីសម្រួលដល់ការខ្វះខាតនាពេលបច្ចុប្បន្ននេះ ៕