ឆ្នាំ​២០១៦ មន្ដ្រី​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ដកហូត​ទំនិញ​ខូចគុណភាព និង​មិន​ប្រក្រតី​ជាង​២​ពាន់​គីឡូក្រាម

381

ប៉ៃលិន ៖ រយៈពេលពេញ១ ឆ្នាំ២០១៦ ទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញ មិនប្រក្រតី សរុបប្រមាណជាង ២៤០០គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន បានធ្វើការត្រួតពិនិត្យ តាមទីផ្សារ និងបង្ក្រាប ។

លោក សាន្ត វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន  បានឲ្យដឹងថា ដោយអនុវត្តតាម ផែនការណ៍ណែនាំ របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជា ដើម្បីធានាបាននូវគុណភាពម្ហូបអាហារ តាមបណ្តាទីផ្សារក្នុងខេត្ត សាខាកាំកុងត្រូលខេត្តប៉ៃលិន បានធ្វើការឃ្លាំពិនិត្យទីផ្សារ និងបង្ក្រាបការក្លែងបន្លំ ទំនិញដែលអាជីវករតាំងលក់តាមទីផ្សារ និងគេហដ្ឋាន បានចំនួន២០លើក និងបានដកហូតទំនិញខូចគុណភាព ទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួនប្រមាណ ២៤៧២គីឡូក្រាម និងបានធ្វើការត្រួតពិនិត្យលើផលិតផលម្ហូបអាហារ នាំចូល តាមមាត់ច្រកទ្វារអន្តរជាតិព្រំ និងឃ្លាំងស្តុក ផ្អែកលើគុណភាព សុវត្ថិភាព ឲ្យមានលក្ខណៈសមស្រប  សម្រាប់ការប្រើប្រាស់ ដោយបានយកគំរូផលិតផល ម្ហូបអាហារ គុណភាពខ្ពស់ មករក្សាទុកនៅទីស្នាក់ការកាំកុងត្រូល ចំនួន ៦០មុខ ។

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន  បានបន្ដថា សម្រាប់ការដុតកម្ទេចចោលផលិតផលម្ហូបអាហារខូចគុណភាព ក្នុងឆ្នាំ២០១៦ កន្លងទៅ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានធ្វើការដុតកម្ទេចចោលផលិតផលម្ហូបអាហារ ខូចគុណភាពបានចំនួន ០៤លើក សរុបចំនួនប្រមាណ ២៨០៤ គីឡូក្រាម ។ ក្រៅពីកិច្ចការងារខាងលើ មន្ត្រីកាំកុងត្រូលបានចុះ ធ្វើបទបង្ហាញតាមសាខារៀន ស្តីពីគុណភាពម្ហូបអាហារ បានចំនួន ១លើក ដែលមានសិស្សសរុបចំនួន ៥០០នាក់ ។

សូមបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញកាំកុងត្រូលខាងលើ ធ្វើឲ្យបច្ចុប្បន្ន ទាំងប្រជាពលរដ្ឋ និងអាជីវករលក់ដូរ មានការយល់ដឹងខ្ពស់ពីគុណភាពម្ហូបអាហារ   ទាំង ការដាក់តាំងលក់ និងការប្រើប្រាស់ ៕

photo_2017-01-13_09-27-50 photo_2017-01-13_09-27-35 photo_2017-01-13_09-27-30 photo_2017-01-13_09-27-23 photo_2017-01-13_09-27-12 photo_2017-01-13_09-27-01