អគ្គនាយកដ្ឋាន​ពន្ធដារ​ជំរុញ​ឲ្យ​ឲ្យ​ក្រុមហ៊ុន​ និង​អ្នក​ពាក់​ព័​ន្ធ​ត្រូវ​ប្រញាប់​ដាក់ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​

102

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានជំរុញដល់ក្រុមហ៊ុន និងអ្នកដែលមានបំណងធ្វើសកម្មភាពជាភ្នាក់ងារសេវាកម្មពន្ធដារត្រូវប្រញាប់ប្រញាល់មកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៧នេះ។

លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ឲ្យដឹងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធនាព្រឹកថ្ងៃទី១៣ មករានេះថា ក្នុងករណីបុគ្គលឬសហគ្រាសណាមួយធ្វើសកម្មភាពជាភ្នាក់ងារសេវាកម្មពន្ធដារដោយគ្មានអាជ្ញាប័ណ្ណនោះនឹងត្រូវទទួលរងនូវការពិន័យពី៥លានរៀលដល់១០លានរៀលឬត្រូវជាប់ពន្ធធនាគារពី១ខែដល់១ឆ្នាំ ឬក៏អាចជាប់ទោសទាំង២នេះតាមទោសកំហុសបានប្រព្រឹត្តិ។

សំដៅដល់មន្ត្រីពន្ធដារថ្មី ដែលបានចូលរួមបំពាក់បំប៉នសមត្ថភាព លើការងារនិងក្រមសីលធម៌វិជ្ជាជីវៈការងារ លោក អេង រតនា បានបន្តថា ភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារ បើមិនដូច្នោះទេ គឺមិនអាចបំពេញការងារជាភ្នាក់ងារសេវាកម្មពន្ធដារជាមួយមន្ត្រីពន្ធដារបានឡើយ ព្រោះភ្នាក់ងារសេវាកម្មពន្ធដារគឺជាអ្នកដើរតួដ៏សំខាន់មួយ នៅក្នុងការជួយអ្នកជាប់ពន្ធឲ្យគោរពប្រតិបត្តិច្បាប់ឲ្យបានត្រឹមត្រូវនិង ជួយដល់ការងារលើកកម្ពស់វប្បធម៌នៃការបង់ពន្ធឲ្យបានកាន់តែប្រសើរផងដែរ។

លោកបន្តថា ទន្ទឹមនឹងនេះដែរភ្នាក់ងារសេវាកម្មពន្ធដារក៏ជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកជាប់ពន្ធជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញបែបបទដាក់ប្រកាសសារពើពន្ធប្រចាំខែប្រចាំឆ្នាំ និងការបង់ពន្ធអាករទាំងឡាយក៏ដូចការផ្ដល់ឯកសាររបាយការណ៍ និងលិខិតគតិយុត្តិផ្សេងៗរបស់អ្នកជាន់ពន្ធនិងជូនរដ្ឋបាលសារពើពន្ធស្របតាមបទបញ្ញត្តិស្ដីពីពន្ធដារ។

លោកអេង រតនាបានបន្តថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណនិងបេក្ខជនដែលបានប្រឡងជាប់ជាភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ត្រូវបំពេញតួនាទីជាអ្នកផ្ដល់សេវាកម្មផ្នែកពន្ធដារត្រូវប្រើប្រាស់ជំនាញនិងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ដោយការគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមគ្នាលើកកម្ពស់វប្បធម៌នៃការបង់ពន្ធឲ្យបានកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដើម្បីធ្វើឲ្យការកែទម្រង់ប្រព័ន្ធពន្ធដារ និងរដ្ឋបាលសារពើពន្ធទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕