ខ្មាន់​កាំភ្លើង​​​​វាយប្រហារ​​ក្នុង​ក្លឹប​រាត្រី​កាល​ពី​​​​ថ្ងៃ​ឆ្លង​ឆ្នាំ​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល​​​​​ត្រូវ​កង​កម្លាំង​​នគរបាល​ទួរគី​ចាប់​ខ្លួន​​​​បាន​នៅ​សង្កាត់​អេសេនយឺត

293

ទួរគី៖ សារព័ត៌មានហ៊ូរីយេត និងប្រភពព័ត៌មានផ្សេងទៀតឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស ៣៩នាក់ នៅក្នុងរង្គសាលរាត្រីក្នុងទីក្រុងអ៊ីស្ដង់ប៊ុលកាលពីថ្ងៃឆ្លងឆ្នាំនោះ ត្រូវបានកងកម្លាំងនគរបាលទួរគីចាប់ខ្លួនបាននៅសង្កាត់អេសេនយឺតក្នុងទីក្រុងនេះ។

 

ការវាយប្រហារនេះក៏ត្រូវបានពួករដ្ឋអ៊ីស្លាមអះអាងទទួលស្គាល់ថា ជាអំពើរបស់ក្រុមខ្លួន និងថែមទាំងនិយាយថា នេះជាសកម្មភាពសងសឹកទៅលើផ្នែកយោធា ដែលទួរគីបានចូលរួមកម្លាំងនៅក្នុងប្រទេសស៊ីរីនោះ។ កាលពីថ្ងៃចន្ទម្សិលមិញនេះដែរលោក នូម៉ង់ គួរទូលម៊ូស ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការបាញ់ប្រហារនេះធ្វើឡើងដោយមានបទពិសោធន៍យ៉ាងជំនាញ ដែលជាប់ពាក់ព័ន្ធទៅនឹងអង្គការចារកិច្ច ដោយមិនត្រឹមតែជាប់ពាក់ព័ន្ធទៅនឹងអំពើរបស់អង្គការភេរវកម្មប៉ុណ្ណោះឡើយ។ យោងតាមភ្នាក់ងារព័ត៌មានអាណាដូលូរបស់ប្រទេសនេះបន្តថា ចាប់តាំងពីកងកម្លាំងធ្វើប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យនោះមក គឺមានមនុស្ស ៥នាក់ហើយដែលបានចាប់ខ្លួន ក្នុងនោះមានជនប្រព្រឹត្តិបទឧក្រិដ្ឋម្នាក់, បុរសមានដើមកំណើតគៀហ្គីស្ថានម្នាក់ និងស្ត្រី ៣នាក់ផងដែរ៕

អត្ថបទ៖ រិទ្ធី