ការ​លក់​ខុន​ដូ​ ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ដើម​ឆ្នាំ​នេះ

222

ភ្នំពេញ ៖ នៅទីបំផុតទីផ្សារខុនដូមានសញ្ញាល្អប្រសើរឡើងវិញហើយ ដោយចំនួននៃការលក់បានចាប់ផ្តើមងើបឡើងវិញនៅដើមឆ្នាំ២១៧នេះ បន្ទាប់ពីការលក់បានថមថយល្បឿនកាលពីចុងឆ្នាំមុន។

លោក ទុយ ប៊ុន អគ្គនាយករងនៃក្រុមហ៊ុនលំនៅឋាន អ៊ិលកម្ពុជាភ្នំពេញ ដែលបាន និងកំពុងវិនិយោគលើអាគារខុនដូជាច្រើន សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញថា ទីផ្សារខុនដូ កំពុងមានសញ្ញាល្អឡើងវិញ ទោះជាមិនកើនឡើងខ្លាំងក្តី ប៉ុន្តែលោកសង្កេតឃើញអតិថិជនបានចាប់ផ្តើមចាប់អារម្មណ៍ និងសាកសួរព័ត៌មានពីការទិញខុនដូកើនច្រើនឡើងវិញ បន្ទាប់ពី ធ្លាក់ចុះនូវការលក់កាលពីចុងឆ្នាំ២០១៦។

លោក បន្តថា “ពេលនេះលោកឃើញអតិថិជនបានសាកសួរព័ត៌មាន និងទិញខុនដូកើនឡើងវិញចន្លោះ១៥ទៅ២០ភាគរយ ធៀបនឹងកាលពីចុងឆ្នាំមុន ដែលនេះជាសញ្ញាល្អសម្រាប់វិស័យនេះ”។ ខុនដូអ៊ិល ជាប្រភេទខុនដូ សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម ដែលបានដាក់លក់ក្នុងតំលៃ ចាប់ពី៤ម៉ឺនដុល្លារឡើងទៅ។

លោក ទុយ ប៊ុន បានបន្តថា អតិថិជនដែលចាប់អារម្មណ៍ទិញខុនដូរបស់លោកភាគច្រើន ជាជនជាតិខ្មែរ ដែលពួកគេចាប់ផ្តើមចាប់អារម្មណ៍រស់នៅតាមខុនដូ កាន់តែច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូចគ្នានេះដែរលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC ដែលបាន និងកំពុងវិនិយោគគំរោង Olympia City ជាគំរោងលំនៅឋានដ៏ធំមួយនៅកណ្តាល ទីក្រុងភ្នំពេញបានថ្លែងថា លោកសង្កេតឃើញសកម្មភាពទិញលក់ខុនដូ បានចាប់ផ្តើមងើបឡើងវិញ ដោយសារការហូរចូលមកកាន់តែច្រើន នូវអ្នកវិនិយោគជនជាតិចិន ដែលបានចូលមកកម្ពុជាកាន់តែច្រើន។

លោកបន្តថា “សកម្មភាពនៃការទិញលក់ ទោះបីជាមិនសូវកើនឡើងខ្លាំងក្តី ប៉ុន្តែមានសញ្ញាល្អឡើងវិញហើយនៅក្នុងវិស័យនេះ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថា សកម្មភាព នៃការទិញលក់ខុនដូ តាមពិតមិនមានការថមថយល្បឿននោះទេ ប៉ុន្តែដោយសារចំនួននៃការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារ ទើបទីផ្សារមានការចែករំលែកគ្នា អតិថិជនមានជម្រើសកាន់តែច្រើនក្នុងការទិញគម្រោង ខុនដូនៅកម្ពុជា។

លោក បន្តថា ជាឧទាហរណ៍កាលពីមុនមានអតិថិជន១០០០នាក់ មានគំរោងខុនដូ១០០ ប៉ុន្តែពេលនេះ អតិថិជននៅចំនួនដដែល ប៉ុន្តែគំរោងខុនដូ កើនដល់២០០០គំរោង ដូច្នេះ បានធ្វើឲ្យមានការ មើលឃើញថា ការលក់ថមថយល្បឿន ប៉ុន្តែការពិតការលក់ខុនដូ នៅតែមានសញ្ញាល្អ៕