កម្ពុជា​ប្រកាន់​ជំហរ​ដដែល​ទាក់ទង​និង​ឧបទ្វីប​កូរ៉េ ខណៈ​កូរ៉េខាងជើង​អះអាង​ថា​នឹង​មាន​កិច្ច​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ​កូរ៉េខាងត្បូង​

262

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្ដម ប្រាក់ សុខុន បានប្រកាសប្រកាន់ជំហរដដែលទាក់ទងនិង បញ្ហាឧបទ្វីបកូរ៉េ ដោយអំពាវនាវដល់បងប្អូនគូសត្រូវនឹងគ្នានេះចរចាគ្នាដោយសន្តិវិធី ខណៈកូរ៉េខាងជើងបានប្រាប់កម្ពុជាថា ថ្នាក់ដឹកនាំកូរ៉េខាងជើង ត្រៀមខ្លួនជានិច្ចក្នុងការចរចារបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងនោះ។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ជាថ្មីនេះគឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនិងលោក Jang Yun Gonឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំនៅកម្ពុជានាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះនាទីស្តីការក្រសួងការបរទេស។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី លើកឡើងដោយស្រង់សម្តីរបស់លោក Jang Yun Gonថាថ្នាក់ដឹកនាំកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ចក្នុងការចរចាជាមួយភាគីកូរ៉េខាងត្បូងដើម្បីបញ្ចប់ការវិវាទរវាងគ្នានិងគ្នា។

លោក Jang Yun Gon ថ្លែងចំពោះមុខឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន ថា មេដឹកនាំកូរ៉េខាងជើងបានត្រៀម លក្ខណៈសម្បត្តិជានិច្ចក្នុងការចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូង ដើម្បីបញ្ចប់វិវាទឈានទៅបង្រួបបង្រួមប្រទេសបងប្អូនកូរ៉េទាំងពីរឡើងវិញ។ តែយ៉ាងណាក្តីលោក Jang Yun Gonមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ថានឹងត្រូវជួបគ្នានៅពេលណានោះឡើយ ហើយថាកូរ៉េខាងជើងប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់នូវការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងដោយសន្ដិវិធី។

បើតាមលោក ជុំ សន្ទរី បានឲ្យដឹងថា បន្ទាប់ពីមានការអះអាងរបស់លោក Jang Yun Gonយ៉ាងដូច្នេះឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវការសាទរចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង ហើយក៏បានជំរុញឲ្យបំណងមួយនេះឆាប់បានសម្រេចផងដែរ។

តែយ៉ាងណាក្តីកម្ពុជា បានសម្តែងការមិនគាំទ្រចំពោះកូរ៉េខាងជើងដែលបានបាញ់សាកល្បងនូវអាវុធនុយក្លេអ៊ែរ កាលពីកន្លងទៅក៏ដូចជាអនាគតដដែល ហើយកម្ពុជាក៏កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ផងដែរនៅសភាពការណ៍រវាងប្រទេសបងប្អូនគួសត្រូវនឹងគ្នានេះ។

សូមរំលឹកថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានពិភាក្សាការងារជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងកូរ៉េហើយប្រសិនបើពិភពលោកមានការប្រែប្រួលយ៉ាងណាក្តីក៏ទំនាក់ទំនង រវាងភាគីទាំងពីរនឹងមិនប្រែប្រួលនោះឡើយ។ នេះបើតាមការឲ្យដឹងពីលោក ជុំ សន្ទរីដដែល៕