កាកបាទ​ក្រហម​កម្ពុជា ​ផ្ដល់​អណ្ដូងទឹក​ចំនួន​១២​បន្ថែម​ ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី

106

មណ្ឌលគិរី ៖ ប្រទេសកម្ពុជាដែលធ្លាប់រងនូវបាតុភូតកម្ដៅអែលនីញ៉ូ កាលពីមួយឆ្នាំកន្លងមុននេះ បច្ចុប្បន្នបានរៀបចំកសាងប្រភព ទឹកបានជាច្រើន នៅតាមតំបន់ដែលធ្លាប់ជួបប្រទះ នៃការខ្វះទឹកប្រើប្រាស់។ បាតុភូតកំដៅ អែលនីញ៉ូ រយៈពេល៦ខែ ដើម ឆ្នាំ២០១៦ បានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសតាមខេត្ត និងជនបទ ប្រឈមនឹងការខ្វះទឹក រីឯដំណាំកសិកម្ម បានរងនូវ ភាពស្វិតក្រៀម ងាប់ សត្វគោ ក្របី ជ្រូក មាន់ ទា បានងាប់ជាច្រើនថែមទៀតផងដែរ ដោយសារឥទ្ធិពលធម្មជាតិ ។

បទពិសោធន៍នៃការរងគ្រោះរាំងស្ងួតកាលពីឆ្នាំមុន បាននាំឲ្យមានការរៀបចំទំនប់ទឹកធំៗ ដើម្បីបង្ការ ការខ្វះទឹក ប្រើប្រាស់ ហើយដោយសម្លឹងឃើញពីការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងកាលពីឆ្នាំមុនៗ កាកបាទក្រមកម្ពុជា ក៏បាន ផ្តល់អណ្តូងទឹកចំនួន១២ថែមទៀតដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងបានសម្ពោធដាក់ឲ្យប្រើនៅថ្ងៃតែមួយតែម្តង ដោយអណ្តូងទឹក ដែលបានជូននោះ ជាអណ្តូងប្រភេទអាហ្វ្រដែស សម្រាប់ប្រជាពលរដ្ឋប្រមាណ៣ឃុំ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់នោះ បានធ្វើឡើងនៅសាលាឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីម្សិល ម៉ិញ ថ្ងៃទី១៧ ខែមករា នេះ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយលោក ស្វាយ សំអ៊ាង ប្រធានកិត្តិយសសាខាកាកបាទក្រហម និងជាអភិបាលខេត្តមណ្ឌលគិរី ព្រមទាំង មន្ត្រីរាជការជាច្រើនរូប។

លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានថ្លែងថា សម្តេចប្រធានកាកបាទក្រហម តែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពពលរដ្ឋ ពិសេសការប្រើប្រាស់ទឹកស្អាត ក្នុងនោះភាពខ្វះខាតទឹកស្អាតប្រើប្រាស់ជាកត្តាចម្បង ដែលត្រូវដោះ ស្រាយ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំពោះអណ្ដូងទឹកចាប់ពីលេខកូដ១៦-០៥៤ដល់១៦-០៦៥ ខាងលើ មាន ជម្រៅពី៣០ទៅ៤០ម៉ែត្រ ធានាបានទឹកជាមធ្យមប្រមាណជា៦ម៉ែត្រគូប មិនធ្វើឲ្យពលរដ្ឋប្រឈម នឹងការខ្វះទឹកប្រើប្រាស់ នៅរដូវប្រាំងឡើយ៕

readcross2 readcross3 readcross4 readcross readcross1