ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោ​ននិយាយ​ថា ជំនួបជាមួយ Buriram ល្ងាច​នេះគឺ​ផ្ដោត​លើ​គោលដៅ​សំខាន់​ពីរ​យ៉ាង​

271

បាល់ទាត់៖ លោក ឫទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានលើកឡើងថា ការបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមខ្លាំងថៃ Buriram United នាវេលាម៉ោង ៦ល្ងាចនេះ គឺជាការប្រកួតដ៏អស្ចារ្យសម្រាប់ក្លឹបទាំងពីរ ដើម្បីពង្រឹងសមត្ថភាព និងផ្លាស់ប្ដូរបទពិសោធន៍នៅក្នុងការប្រកួតជើងឯកលីគកំពូល នៃប្រទេសទាំងពីរនាពេលឆាប់ៗខាងមុខ។W12
ប៉ុន្តែអ្វីដែលពិសេសការប្រកួតមិត្តភាពអន្តរជាតិសប្បុរសធម៌នេះ ក្លឹបបានកំណត់គោលដៅសំខាន់ៗ ២យ៉ាង ទី១ គឺផ្ដោតលើការត្រៀមធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC Cup 2017 នាចុងខែមករានេះ និងទី២ គឺប្រកួតដើម្បីស្វែងរកមូលថវិកាសប្បុរសធម៌ជួយដល់អង្គការ Football For Life។ នេះយោងតាមសម្ដីលោក ឫទ្ធី សំណាង នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញ។ ប្រធានក្លឹបដដែលបន្ដថា ទោះបីជាការប្រកួតល្ងាចនេះត្រឹមលក្ខណៈមិត្តភាពក្ដី ប៉ុន្ដែលោកចង់ឃើញកីឡាករខ្លួនបង្ហាញអស់ពីសមត្ថភាព ដើម្បីត្រៀមទទួលក្រុម Home United របស់សិង្ហបុរីនៅក្នុងជំនួបវគ្គ Play-Off ជើងទី១ នាថ្ងៃទី៣០ ខែមករាខាងមុខ។ លើសពីនេះលោកក៏ចង់អ្នកគាំទ្រមកទស្សនា និងលើកទឹកចិត្តឲ្យបានច្រើនកុះករដល់ក្លឹបតំណាងប្រទេសកម្ពុជានេះផងដែរ ។

ដោយឡែកគ្រូបង្វឹកក្លឹបភ្នំពេញក្រោនលោក Oleg Starynskyi បានចាត់ទុកជំនួបមិត្តភាពល្ងាចនេះ គឺជារឿងលំបាកក្នុងការស្វែងរកជ័យជម្នះណាស់។ តែលោកបានប្ដេជ្ញាចិត្តថានឹងដឹកនាំកូនក្រុមធ្វើបានល្អបំផុត បន្ទាប់ពីកីឡាករជម្រើសជាតិវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមធម្មតាវិញ។ ចំណែកលោក Ranko Popovic គ្រូបង្វឹកក្រុម Buriram បាននិយាយថា ល្ងាចនេះក្រុមរបស់លោកនឹងធ្វើឲ្យបានល្អបំផុត ហើយលោកពិតជាសប្បាយចិត្តដែលមានការប្រកួតមួយនេះ។ លោកសង្ឃឹមថា ក្រោយបញ្ចប់ការប្រកួតមិត្តភាពនេះ ក្រុមទាំងពីរ នឹងបង្កើនចំណងមិត្តភាពកាន់តែស្អិតរមួតបន្ថែមទៀត។ គួរបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រហើយដែលក្លឹបជើងខ្លាំងរបស់កម្ពុជា និងជើងខ្លាំងប្រចាំប្រទេសថៃប៉ះគ្នា ក្រោយពេលក្រុមបាល់ទាត់កម្រិតអាជីព Buriram United ធ្លាប់មកលេងលើទឹកដីកម្ពុជាម្តងហើយកាលពីដើមឆ្នាំ២០១៦ ដោយប្រកួតចាញ់ក្រុម Cambodia All Star របស់កម្ពុជាដោយលទ្ធផល ៤-៣៕
អត្ថបទ លី ឈុនឡា