ទោះបី​គណបក្ស​នយោបាយ​ណា​ឈ្នះឆ្នោត ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើបាតុកម្ម​តវ៉ា​នាៗ ​កើតឡើង​ឡើយ​

223

ភ្នំពេញ ៖ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងថា បើទោះគណបក្សនយោបាយណាឈ្នះឆ្នោតនៅអាណត្តិក្រោយៗទៀតក៏ដោយ ក៏នឹងមិនអនុញ្ញាត ឲ្យមានការធ្វើបាតុកម្មតវ៉ានានាទៀតឡើយ។

ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តឆ្នាំ២០១៧របស់បញ្ជាការដ្ឋានកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ កាលថ្ងៃទី១៧ ខែមករា នៅបញ្ជាការដ្ឋានទ័ពជើងទឹក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងថា គ្រប់ការធ្វើបាតុកម្មនានា ពិសេសការធ្វើការបាតុកម្មអំឡុងពេលក្រោយបោះឆ្នោត ប្រសិនបើកងកំលាំងនគរបាល និងកំលាំងអនុវត្តច្បាប់នានា មិនអាចបិទបាន ឬមិនស្តាប់អាជ្ញាធរ នៅតែបន្តធ្វើបាតុកម្មផ្សេងៗនោះ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងស្នើថ្នាក់ដឹកនាំ បញ្ចូលកងកំលាំងកងទ័ពចូលរួមបង្ក្រាបបាតុកម្ម មិនឲ្យមានបន្តទៀតនោះទេ។

ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសំដែង ការព្រួយបារម្ភខ្ពស់ ចំពោះការបំលែងបាតុកម្ម ទៅជាការប្រមូលផ្តុំធ្វើបដិវត្ត ពណ៌ ដែលឈានទៅដល់ការផ្លាស់ប្តូរលទ្ធផលបោះឆ្នោត ដែលបានមកពីសំលេងគាំទ្រភាគច្រើន និងឈានទៅដល់ការធ្វើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន និងធ្វើឲ្យខាតបង់ផលប្រយោជន៍នៃការប្រកប របរ របស់ប្រជាពលរដ្ឋ។

ឯកឧត្តម បញ្ជាក់ថា គ្រប់កងទ័ពទាំងអស់គឺត្រូវមានភារកិច្ចបំរើការងារជូនជាតិ ពោលគឺ ការពារជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញសំលេងគាំទ្រភាគច្រើន  ការពាររដ្ឋធម្មនុញ្ញ និងមានភារកិច្ចដែលមានតួនាទីប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ ដែលប៉ុនប៉ងរំលោភយកទឹកដី អធិបតេយ្យភាពរបស់ប្រទេសជាតិកម្ពុជា។

តាមរបាយការណ៍អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ហេង សួរ បានអះអាងថា ក្នុងឆ្នាំ២០១៦ បញ្ហាកូដកម្ម បាតុកម្មរបស់កម្មករនៅតាមរោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជាកើតចំនួន ២២០ករណី ខណៈដែលឆ្នាំ២០១៥ រយៈពេល១២ខែដូចគ្នានេះ មានកូដកម្មបានកើតឡើង តាមរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន៣៣៦ករណី ដែលកត្តានេះ បានថយចុះជាង១០០ករណី ដោយសារតែការខិតខំរបស់ក្រសួងផង និងការយល់ដឹងរបស់កម្មករ និយោជក និងភាគីពាក់ព័ន្ធហើយមិនប្រែប្រួល ទៅតាមការញុះញង់របស់អ្នកនយោបាយផង។ ដោយឡែកតាមរបាយការណ៍ក្រសួងមហាផ្ទៃនៅក្នុងអំឡុងឆ្នាំ២០១៣ ពោលនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣  គឺមានការធ្វើបាតុកម្មប្រមាណជាង២០០០លើក ហើយការធ្វើបាតុកម្មនោះជាព្រឹត្តិការណ៍ដែលកម្ពុជាពុំធ្លាប់កើតមាន៕

pol saroern1 pol saroern pol saroern3 pol saroern2