គណៈកម្មការ​សុរិយោដី ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​ជាង​៣​ពាន់​ករណី ​នៅ​ក្នុង​បណ្តឹង​សរុប​ជាង​៧​ពាន់​ករណី

296

ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានថ្លែងឲ្យដឹងថា គិតមកដល់ឆ្នាំ២០១៦ គណៈកម្មការសុរិយោដី ទទួលដោះស្រាយករណីទំនាស់ដីធ្លីបានចំនួន៣.៥៥៨ករណី ច្រានចោលចំនួន២.៥០២ករណី នៅក្នុង បណ្តឹងសរុបចំនួន ៧.៥៤៩ករណី ។

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី បាន លើកឡើង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា បើគិតពីពេលចាប់ផ្តើមបង្កើតគណៈកម្មការសុរិយោដី រហូតមកដល់ឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចែកប័ណ្ណបានចំនួន៤លាន៤សែន៥ម៉ឺន១ពាន់៨១៧ក្បាលដី ស្មើនឹង៦៣,៦% នៃក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី ដោយបានអនុវត្តន៍លើសផែនការ១,៦%ផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងវិវាទដីធ្លី គណៈកម្មការសុរិយោដី បានទទួល បណ្តឹងសរុបចំនួន៧.៥៤៩បណ្តឹង បានដោះស្រាយបញ្ចប់វិវាទបានចំនួន៣.៥៥៨ករណី និងបានច្រានចោលចំនួន ២.៥០២ករណី ក្នុងនោះក្រុមដោះស្រាយវិវាទដីធ្លីរបស់ក្រសួង ទទួលបានបណ្តឹងសរុប៧១៤ករណី ដោះស្រាយបញ្ចប់ ជាស្ថាពរ បានចំនួន៤១ករណី ការឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរសមត្ថកិច្ចពាក់ព័ន្ធបានចំនួន៥២ករណីផងដែរ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងលើកឡើងផងដែរថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ សម្រេចបាននូវសមិទ្ធផលធំៗដូចជា ការចុះបញ្ជីដីធ្លី ការចុះដោះស្រាយវិវាទដីធ្លីនូវគ្រប់រូបភាពដល់មូលដ្ឋាន ដោយបានធ្វើឲ្យចំនួនវិវាទបានធ្លាក់ចុះ និងក្រុមអ្នកប្រមូលផ្តុំតវ៉ាក៏បានធ្លាក់ចុះផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តឲ្យដឹងទៀតថា  ពាក់ព័ន្ធនឹងការងាររៀបចំដែនដី នគរូបនីយកម្ម និងការគ្រប់គ្រង អភិវឌ្ឍន៍តំបន់ឆ្នេរ ក្រសួងកំពុងខិតខំធ្វើឲ្យដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ការការពារ ជំរុញ អភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ចំណែកវិស័យសំណង់ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ ជាក់ស្តែងនៅឆ្នាំ២០១៦ សំណង់មានចំនួនសរុប២.៦៣៦គម្រោង មានផ្ទៃដីសរុបចំនួនជាង១៤លានម៉ែត្រ ការ៉េ ដោយមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណជាង៨ពាន់លានដុល្លារ កើនដល់២៥៥% បើប្រៀបរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០១៥ ៕

bin chhin2 bin chhin3 bin chhin bin chhin4