វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​មាន​ភាព​ទាក់ទាញ​

191

ភ្នំពេញ ៖ ប្រធានសភាពសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា ដោយសារកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ប្រកបទៅដោយអនាម័យ និងគុណភាព ដែលធ្វើឲ្យវិស័យនេះ គឺផ្នែកមួយមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកបង្កើតសក្ដានុពល ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។

លោក លូ ម៉េង ប្រធានសភាពសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងលើកឡើងនៅក្នុងពិធីសម្ពោធភោជនីយដ្ឋាន អ៊ុយគុយទាវ សាខាទី៣ នៅថ្ងៃម្សិលម៉ិញ ថា កម្ពុជាគឺជាប្រទេសមានគោលដៅទេសចរណ៍ ប្រកបដោយសក្ដានុពលយ៉ាងធំ ដោយបានជម្រុញលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុក ទាំងផ្នែករមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងឧទ្យានកម្សាន្តផ្សេងៗ ជាពិសេសបានផ្តល់ឱកាសដល់ក្រុមហ៊ុនកំពុងបម្រើក្នុងវិស័យទេសចរណ៍ កាន់តែមានបទពិសោធន៍ ក្នុងការបង្កើតនូវស្នាដៃរបស់ខ្លួន ដើម្បីជម្រុញដល់ការទាក់ទាញកាន់តែមានប្រជា ប្រិយភាព ។

លោក បន្តថា ក្រៅពីកម្ពុជា មានគោលដៅទេសចរណ៍ធំៗ ប្រកបដោយសក្ដានុពលនោះ ផ្នែកសេវាសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ដែលមិនអាចខ្វះបានផងដែរ ក្នុងការចូលរួមចំណែកលើការបម្រើសេវាផ្សេងៗ ដូចជាការស្នាក់នៅ និងសេវាហូបចុះជាដើម ដែលទាមទារការអភិវឌ្ឍន៍ទៅរកជំនាញមួយពិតប្រាកដ ដើម្បីផ្តល់ការជឿទុកចិត្ត ទាំងផ្នែកអនាម័យនឹងគុណភាពខ្ពស់ ព្រមទាំងមានតម្លៃសមរម្យផងដែរ ។

លោកស្រី តាំង គិចលាង ម្ចាស់ហាងអ៊ុយគុយទាវបានលើកឡើងថា បច្ចុប្បន្នវិស័យទេសចរណ៍បានចូលរួម ។ ចំណែកយ៉ាងធំធេង ក្នុងការបង្កើនការងារក្នុងស្រុក ការបង្កើនចំណេះដឹងពីចំណុចសូន្យ ឲ្យក្លាយទៅជាមនុស្សមានបទពិសោធន៍ និងក្លាយជាអ្នកមានអាជីពពិតប្រាកដ លើការអភិវឌ្ឍន៍ក្នុងសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពធូរធារ ជាពិសេសការចូលរួមចំណែកបង្កើននូវសក្តានុពលសេដ្ឋជាតិជាដើម។

លោកស្រី បានបន្តថា ដោយកម្ពុជា មានសក្តានុពលលើវិស័យទេសចរណ៍បែបនេះ ទើបលោកស្រីបានសម្រេចចិត្តបើកភោជនីយដ្ឋានបម្រើសេវាហូបចុក ខណៈដែលកម្ពុជាកំពុងមានសក្តានុពលនៅក្នុងស្រុកជាច្រើន ដូចជា អង្ករ ម្រេច កំពត ការប្រើប្រាស់បន្លែគ្មានជាតិគីមីជាដើម គួបផ្សំ ជាមួយចុងភៅដែលមានបទពិសោធន៍ខ្ពស់ បង្កើតបានជារសជាតិមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកទស្សនានូវលើទឹកដីដ៏បវរនៃយើង ៕