​ប្រធាន​​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA លោក Aleksander Ceferin​ ចូល​រួម​សម្ពោធ​រូប​សញ្ញា​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2020

374

បាល់ទាត់៖ ប្រធានបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Aleksander Ceferin រួមជាមួយនឹងរដ្ឋមន្ត្រីរុស្សីលោក Vitaly Mutko បានចាប់ដៃគ្នាបើកសម្ពោធរូបសញ្ញាតំណាងព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្សី។

F24
សម្រាប់ទីក្រុង St. Petersburg របស់ប្រទេសរុស្សី គឺជាទីក្រុងចុងក្រោយគេក្នុងចំណោមទីក្រុងសរុបទាំង ១៣ដែលត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ដែលត្រូវជ្រើសរើសជាកន្លែងដែលផ្ដើមចេញរូបតំណាងនេះ។ គួរបញ្ជាក់ថាព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបសម្រាប់ឆ្នាំ២០២០ នោះគឺមិនមានប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះតែឯងនោះទេ ដោយសហការគ្នាធ្វើម្ចាស់ផ្ទះរួមដោយមាន ១៣ប្រទេស ១៣ទីក្រុងបំរើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ២៤ប្រទេស ដែលវាជាព្រឹត្តិការណ៍ថ្មីបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុបដែលវាខុសពីឆ្នាំ២០១៦ ដែលមាន ២៤ប្រទេសដូចគ្នាតែលេងនៅមួយប្រទេស។ ដោយឡែកឯការបែងចែកទឹកដីប្រកួតជាម្ចាស់ផ្ទះដូចជាក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រត្រូវធ្វើឡើងនៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស ក្នុងការប្រកួតវគ្គបែងចែកពូលនឹងវគ្គ ៨ក្រុមចុងក្រោយនោះគឺត្រូវធ្វើការប្រកួតនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់, ទីក្រុង Baku ប្រទេសអាហ្សេបៃហ្សង់, ទីក្រុង Saint Petersburg ប្រទេសរុស្សី និងចុងក្រោយទីក្រុងរ៉ូមប្រទេសអ៊ីតាលី។

 

រីឯការប្រកួតបែងចែកពូលទាំង ២៤ប្រទេស និងវគ្គ ១៦ក្រុមចុងក្រោយត្រូវធ្វើឡើងនៅទីក្រុង Copenhagen ប្រទេសដែនម៉ាក់, ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី, ទីក្រុង Amsterdam ប្រទេសហូឡង់, ទីក្រុង Dublin សាធារណៈរដ្ឋអៀកឡង់, ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ, ទីក្រុង Budapest ប្រទេសហុងគ្រី, ទីក្រុង Brussel ប្រទេសបែលហ្សិក និងចុងក្រោយទីក្រុង Glasgow ប្រទេសស្កុតឡែន។ហើយវាកាន់តែពិសេសបន្ថែមពីឆ្នាំចាស់ដោយការប្រកួតជំរុះចាប់ផ្ដើមពីខែមិនា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០១៩ នឹងការប្រកួតវគ្គ Playoff និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រធ្វើឡើងពីចន្លោះខែមិនា ២០២០ ដល់ខែមិថុនា និងកក្កដា៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ