ក្រសួង​ការពារជាតិ​ចាញ់​ក្រុម​ខ្លាំង​ថៃ Buriram ដោយ​លទ្ធផល ៣-០ យប់មិញ​

114

បាល់ទាត់៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិរបស់កម្ពុជា មិនអាចសងសឹកឲ្យក្រុមរួមជាតិគឺក្រុមភ្នំពេញក្រោនដែលប្រកួតចាញ់ក្រុម Buriram United ដោយលទ្ធផល ៦-០ កាលពីសប្ដាហ៍មុនបានឡើយ ក្រោយប្រកួតចាញ់ក្រុមជើងខ្លាំងថៃនេះដោយលទ្ធផល ៣-០ នៅក្នុងជំនួបមិត្តភាពអន្តរជាតិក្រៅទឹកដីនៅកីឡដ្ឋាន I-Mobile កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ។M11
សម្រាប់វគ្គទី១ ក្រុមម្ចាស់ផ្ទះ Buriram United មានឱកាសនាំមុខក្រសួងការពារជាតិ ១គ្រាប់ប៉ុណ្ណោះដែលជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ និងស៊ុតបញ្ចូលទីដោយកីឡាករ Diogo Luis Santo។ រីឯដើមវគ្គទី២ ស្របពេលលោក RankoPopovic ផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីបានជួយកូនក្រុមឲ្យរកបាន ២គ្រាប់ទៀត ដែលធ្វើសម្រេចដោយកីឡាករ Diogo Luis Santo និងកីឡាករ PangaHemviboon។ ចំណែកក្រុមក្រសួងការពារជាតិកម្ពុជា មានឱកាសវាយបកម្ដងម្កាលដែរតែធ្វើមិនបានសម្រេចឡើយ។ នេះគឺជាការបរាជ័យលើកដំបូងក្នុងចំណោម ៣ប្រកួតនៃបេសកកម្មលើទឹកដីថៃរបស់ក្រុមក្រសួងការពារជាតិ ដើម្បីត្រៀមប្រកួតពាន Hun Sen Cup និងលីគកំពូលកម្ពុជារដូវកាលថ្មីសម្រាប់ឆ្នាំ២០១៧នេះ។ ចំណែក ២ប្រកួតទៀតគឺក្រសួងការពារជាតិត្រូវជួបក្រុម Udornthan សមាជិកលីគទី៣ របស់ថៃនៅថ្ងៃទី២៤ ខែមករា និងប្រកួតចុងក្រោយជួបក្រុមលីគលំដាប់ទី២ របស់ថៃគឺក្រុម Army United នៅថ្ងៃទី២៦ ខែមករាសប្ដាហ៍នេះ៕

អត្ថបទ លី ឈុនឡា