ទី​សំចត ​រង​ចាំ​រថយន្ត​របស់​ភ្ញៀវ​ទេសចរ ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​កំពុង​ក្លាយទៅជា​តូប​លក់ដូរ​ព្រោងព្រាត​

221

ក្រុងប៉ោយប៉ែត ៖ អាជ្ញាធរ និងសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការរិះគន់ ពីសំណាក់ ភ្ញៀវទេសចរ លើទីតាំងរងចាំរថយន្ត របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា  ថា បានបណ្ដោយឲ្យទីតាំងរងចាំរថយន្ត ក្លាយទៅជា តូបលក់ដូរហូរហែ ទៅវិញ  ។

ទីតាំងសំចតរងចាំរថយន្តរបស់ភ្ញៀវទេសចរ ខាងលើ ស្ថិតនៅ ជាប់ខាងកើត នៃកន្លែងត្រួតពិនិត្យលិខិតឆ្លងដែនចូលកម្ពុជា ដោយសង់អំពីដែកប្រក់ ស័ង្កសី រាងទ្រវែង ប្រវែងជាង១០ម៉ែត្រ ស្របតាម បណ្តោយផ្លូវ នៃរង្វង់ មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមានកៅអីសម្រាប់ភ្ញៀវអង្គុយរងចាំផងនោះ បានសង់ឡើងជាច្រើនឆ្នាំមកហើយ  ។ បច្ចុប្បន្ន ទីតាំងនេះ នៅសល់តែកៅអីមួយជួរ ហើយក្រៅពីនោះ គឺតូបលក់ដូរសព្វគ្រប់បែបយ៉ាង ស្ទើរក្លាយទៅជាកូនផ្សារមួយទៅហើយ ។

ជាមួយបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ មួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងសំចតសម្រាប់ភ្ញៀវទេសចរណ៍នេះ មិនមែនទើបតែមានការលក់ដូរនោះទេ គឺក្លាយទៅជាតូបលក់ដូរជាយូរណាស់ មកហើយ ដោយគ្មានសមត្ថកិច្ច ឬអាជ្ញាធរ ដែលពាក់ព័ន្ធណា យកចិត្តទុកដាក់ក្នុងការហាមប្រាម ឬរៀបចំឲ្យមានសណ្តាប់ធ្នាប់ ដើម្បីទទួលភ្ញៀវទេសចរណ៍ ឲ្យសមជាប្រទេសអច្ឆរិយឡើយ ។

ប្រភព បានឲ្យដឹងទៀតថា ការដែរអាចដាក់តាំងលក់ទំនិញនៅទីនោះបាន គឺសុទ្ធតែបានបង់លុយឲ្យសមត្ថកិច្ច និងអាជ្ញាធរ ។

ទាក់ទងនឹងបញ្ហានេះ លោក កៅ ស ប្រធាននគរបាលទេសចរណ៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត  បានទទួលស្គាល់ថា ពិតជាមានការដាក់តាំងលក់យ៉ាងអានាធិបតេយ្យ នៅទីតាំងខាងលើពិតមែន ហើយជុំវិញរឿងនេះ លោក នឹងធ្វើការពិភាក្សាជាមួយ និង សមត្ថកិច្ច និងអាជ្ញាធរក្រុង ព្រោះមិនមែនជាភារកិច្ចដែលលោកទទួលខុសត្រូវដាច់មុខ នោះឡើយ ។

ដោយឡែកលោក វួច អូន ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងដែរថា បើតាមលោក ដឹង មុនពេលដែលលោក មកកាន់តំណែងជាប្រធានច្រកនេះ ទីតាំងខាងលើ គឺស្ថិតក្រោមការគ្រប់គ្រង់របស់អាជ្ញាធរក្រុង តែបច្ចុប្បន្នលោកមិនដឹងថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុង ឫ ច្រកឡើយ តែជាក់ស្ដែង វាស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក ហើយបច្ចុប្បន្នដើម្បីបំបាត់ភាពអាណាធិបតេយ្យនេះ លោកបានធ្វើសំណើរសុំទៅអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការហើយ ៕

btvnews(23-01-2017(2))