ប្រពន្ធ​របស់​លោក រិ​ន សា​វ៉េ​ត ​ទ​ទួល​បានការ​ទំនុកបម្រុង ​ជាច្រើន​ពី​សំណាក់ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​យុវជន​សម្ដេច​តេ​ជោ​ (TYDA)

211

ភ្នំពេញ ៖  លោក រិន សាវ៉េត តារាចម្រៀងប្រជាប្រិយល្បីឈ្មោះមួយរូប ក្រោយពីដឹងថា ប្រពន្ធរបស់ខ្លួនមានជំងឺមហារីកសុដន់ ខាងស្តាំ ដែលត្រូវព្យាបាលនោះ លោកបានព្យាយាមស្វះស្វែងរកកន្លែងព្យាបាលណាដែលអាច ព្យាបាលបានតាមលទ្ធភាពរបស់លោក។ ដោយមានទឹកចិត្តសប្បុរសធម៌ ការណែនាំ និងជួយទំនុកបម្រុងជ្រោមជ្រែង ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ប្រពន្ធរបស់លោក រិន សាវ៉េត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្នុងនោះការចំណាយថ្លៃព្យាបាល និងការចំណាយផ្សេងៗត្រូវបាន ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ច័ន្ទមុនី ព្រមទាំងកាកបាទក្រហមកម្ពុជា ជួយទំនុកបម្រុងទាំងអស់។

លោកវេជ្ជបណ្ឌិត គួយ សំណាង បានបញ្ជាក់ថា អំឡុងពេលនេះ អាការៈ របស់ប្រពន្ធលោក រិន សាវ៉េត កំពុងស្ថិតក្នុងដំណាក់កាល តាមដាននៅឡើយ តែអ្នកជំងឺមានការធូរស្រាលច្រើនជាងមុន ហើយនៅថ្ងៃស្អែក ពួកគាត់អាចត្រឡប់ទៅសម្រាកនៅផ្ទះវិញបាន ដោយមានជាថ្នាំសង្កូវសម្រាប់លេបផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានផ្ដាំទៅលោក រិន សាវ៉េត ផងដែរ បើអ្នកជំងឺមានអាការៈ ខុសប្លែក យ៉ាងណា ត្រូវនាំគាត់មកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការព្យាបាលបន្តទៀត។

ចំពោះទឹកចិត្ត និងសកម្មភាពសប្បុរសធម៌ថ្លៃថ្លាខាងលើ ត្រូវបានលោក រិន សាវ៉េត និងប្រពន្ធ គោរពថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា , ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ដែលបានផ្ដល់ក្ដីសណ្តោស ប្រណី ក្នុងការជួយទំនុកបម្រុងជាគ្រឿង ឧបភោគ-បរិភោគ និងថវិកាចំណាយចាយវាយជាច្រើន ដល់លោកផ្ទាល់ និងប្រព័ន្ធរបស់លោក ក៏ដូចជាក្រុមគ្រួសារទាំងមូល។

លោក រិន សាវ៉េត និងប្រពន្ធ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោកវេជ្ជបណ្ឌិត គួយ សំណាង នាយកផ្នែកជំងឺមហារីក នៃមន្ទីរពេទ្យរុស្ស៊ី និងក្រុមគ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាល មើលថែ ពិនិត្យព្យាបាលជំងឺរបស់ប្រពន្ធលោក រិន សាវ៉េត អស់ពីកម្លាំងកាយ-ចិត្ត ទាំងយប់ទាំងថ្ងៃ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៤ ស្ត្រីឈ្មោះ គង់ សាវី អាយុ៣៦ឆ្នាំ មានជំងឺដុំសាច់នៅផ្នែកសុដន់ ខាងស្តាំ ដោយមិនទាន់មានការព្យាបាលទេ ពេលនោះ។

នៅឆ្នាំ២០១៧ ដុំសាច់នៅផ្នែកសុដន់ខាងស្តាំ មានការវិវឌ្ឍន៍ ឡើងធំជាងមុន ក៏សម្រេចចិត្តមកពិនិត្យនៅមន្ទីរ ពេទ្យមួយ។ ជាលទ្ធផលបានបង្ហាញថា ស្ត្រីឈ្មោះ គង់ សាវី មានជំងឺមហារីកសុដន់ ខាងស្តាំ។ ដោយមានការយកចិត្តទុកដាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុនី និងក្រុមគ្រូពេទ្យផ្នែកជំងឺមហារីក នៃមន្ទីរពេទ្យរុស្សី បានទទួលការព្យាបាលដោយចាក់ថ្នាំគីមីលើកទី១ និងចាក់ថ្នាំរាល់០៣ខែម្តង៕