សណ្ឋាគារ​កម្ពស់ ​៣​ជាន់​ទីក្រុង Lircay ​ប្រទេស​​ប៉េ​រូ​បាន​បាក់​រលំ​ចូល​ទន្លេ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​

286

ប៉េរូ៖ ស្ថានីយទូរទស្សន៍បង្ហាញពីរូបភាពវីដេអូ នៃសណ្ឋាគារសម័យអាណានិគមមួយបានបាក់រលំចូលក្នុងទឹកទន្លេ Sicra River ដែលកំពុងហក់ឡើងជន់ជោរក្នុងទីក្រុង Lircay នៃស្រុកអង់ហ្គារ៉េសប្រទេសប៉េរូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។F4អាជ្ញាធរការពារជនស៊ីវិលបាននិយាយថា ភ្លៀងបានចាប់ផ្ដើមធ្លាក់កាលពីរសៀលថ្ងៃពុធជាប់ៗគ្នាឥតឈប់រយៈពេល ១០ម៉ោង។ យោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា គ្រឹះនៃសណ្ឋាគារទេសចរណ៍កម្ពស់ ៣ជាន់មានយីហោ La Hacienda ដែលត្រូវបានសាងសង់លើគែមទន្លេ បានហូរច្រោះដោយសារទឹកឡើងខ្លាំង និងបានបាក់រលំ។ ឧបទ្ទវហេតុនេះមិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ ព្រោះភ្ញៀវទាំងអស់ត្រូវបានជម្លៀសចេញមុនពេលសណ្ឋាគារបាក់រលំ។

គម្រោងមួយចំនួនកំពុងស្ថិតក្រោមការសាងសង់ក្នុងទីក្រុង នៃតំបន់ហួនកាវ៉េលីកាក៏ត្រូវបានរងការបំផ្លិចបំផ្លាញ ផងដែរដោយសារទឹកភ្លៀង។ ទឹកជំនន់ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានពន្លិចផ្នែកខ្លះនៃទីក្រុង។ ផ្ទះចំនួន ៣០ខ្នងត្រូវបានលិចលង់ និងផ្លូវត្រូវបានបិទដោយបំណាក់ដី៕
អត្ថបទ៖ សុខមាន