ភ្ញៀវ​ទេសចរណ៍​កើន​ឡើង​នៅ​តាម​រមណីយដ្ឋាន​នានា​ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន

285

ភ្នំពេញ ៖ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនានៅតំបន់ ឆ្នេរ និងខេត្តសៀមរាប មានកំណើនខ្ពស់ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មករានេះថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនា នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពត មានការកើនឡើង ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែលោកមិនទាន់បញ្ជាក់តួលេខនៅឡើយទេ ដោយរង់ចាំបូកសរុបលទ្ធ ផលថ្ងៃនេះសិន។

លោក បន្តថា រយៈពេលបីថ្ងៃកន្លងមកនេះ ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិទៅទស្សនាខេត្តកំពត មានជាង៦ម៉ឺននាក់ ដោយគ្រាន់តែថ្ងៃម្សិលម៉ិញ មួយថ្ងៃ មានរថយន្តជាង៥ពាន់គ្រឿងបានមកកាន់ខេត្តកំពត។

លោក បន្តថា ខេត្តកំពត បច្ចុប្បន្នមានរមណីយដ្ឋានទេសចរណ៍ចំនួន២៣កន្លែង ក្នុងនោះមានរមណីយដ្ឋាន បែបអេកូទេសចរណ៍ចំនួន៤កន្លែង រមណីយដ្ឋានឡើងភ្នំ កន្លែងជិះកខ្សែរ៉តឆ្លងព្រែកកំពត និងរណីយដ្ឋាន ទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រមួយចំនួនទៀត។ ខេត្តកំពតបច្ចុប្បន្នមានផ្ទះសំណាក់ និងសណ្ឋាគារសរុបចំនួន២៥០០បន្ទប់។

លោក សយ ស៊ីណុល បានបន្តថា ដោយសារចំនួនបន្ទប់មានកម្រិត បានធ្វើឲ្យភ្ញៀវទេសចរណ៍ស្នាក់នៅតាមដងព្រែកកំពត ខ្លះបោះតង់ ខ្លះចង មុង  និងសម្រាកក្នុងរថយន្តផងដែរ ហេតុនេះលោកសូមស្នើឲ្យវិស័យឯកជនចូលមកវិនិយោគលើសេវាបដិសណ្ឋារកិច្ចដូចជាផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តបន្ថែមទៀត។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុលោក តាំង សុចិត្រគ្រឹះស្នា បានថ្លែងថា ខេត្តព្រះសីហនុ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ទទួលបានភ្ញៀវទេសចរណ៍សរុប៨ម៉ឺន៣ពាន់នាក់ កើនឡើង១២.១៦ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តនេះ មានសណ្ឋាគារចំនួន៧៧ ផ្ទះសំណាក់ចំនួន៣០៣ ដែលមានបន្ទប់សរុបចំនួនជាង៨ពាន់បន្ទប់។ លោកបន្តថា សេវាបន្ទប់ និងចំណីអាហារបានកើនឡើងក្នុងរយៈពេលនេះ ប៉ុន្តែស្ថិតក្នុងតំលៃអាចទទួលយកបាន។

ងាកទៅកាន់ខេត្តសៀមរាបឯណោះវិញ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តនេះបានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាប មានចំនួន៨ម៉ឺន៧២៤នាក់កើនឡើង៦.៣៦ភាគរយ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣ម៉ឺន៧២៤នាក់ កើនឡើង១០.១៦ភាគរយ និងភ្ញៀវទេសចរណ៍ជាតិ មានចំនួន៥ម៉ឺននាក់ កើនឡើង៤.១៦ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធ សមាគមទេសចរណ៍ជាតិកម្ពុជា បានថ្លែងថា តំបន់ឆ្នេរនិងតំបន់តាមរមណីយដ្ឋាននានា បានទទួលភ្ញៀវទេសចរណ៍កើនឡើងក្នុងប៉ុន្មានឆ្នាំ កន្លងមកនេះ ដោយឡែកក្នុងរយៈពេលប៉ុន្មានថ្ងៃដែលជាពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន និងវៀតណាមចំនួនភ្ញៀវទេសចរណ៍បានបន្តកើនឡើងផងដែរ ពិសេសបណ្តា្តខេត្តតាមតំបន់ឆ្នេរ ដែលក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធ នាការឆ្នេរស្អាត ទីក្រុងល្អ។

លោក បន្តថា ជាមួយនឹងកំណើនកើនឡើងនេះ តាមបណ្តាឆ្នេរ និងកោះនានា ក៏ប្រឈមមុខនឹងការបំពុលបរិស្ថានផងដែរ ហេតុនេះ សូមអាជ្ញាធរពាក់ព័ន្ធ  និងប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យ រក្សាសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសផ្តោតលើបញ្ហាបរិស្ថាន និងអនាម័យឲ្យបានល្អប្រសើរ៕

teuk-chhou-kampot_thekhmerdaily ទេសចរណ៍ខេត្តកំពត kampi karty2 tourist kiri3