ម៉ាឡេស៊ី​គ្រោង​បោះ​ទុន​វិនិយោគ​៥០​លាន​ដុល្លារ​អាមេរិក​នៅ​កសិដ្ឋាន​ សម្លាប់ ​សត្វ​គោ​ខេត្ត​ព្រះសីហនុ

158

ព្រះសីហនុ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាល់ម៉ាឡេស៊ី ឈ្មោះថាហាឡាល ឌីវីឡុបម៉ែន ខូភើរ៉េសិន (Halal Development Corporation) មានគម្រោងបោះទុនវិនិយោគ ទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិក ដើម្បីកាប់គោយកសាច់នៅខេត្តព្រះសីហនុ។

ក្រុមហ៊ុន Halal Development Corporation គ្រោងសហការជាមួយក្រុមហ៊ុន អេសអិនអិល មីត សាប់ផ្លាយ ភីធីវ៉ាយ អិលធីឌី(SNL Meat Supplies Pty Ltd) ដែលមានកសិដ្ឋានសំឡេះគោអូស្ត្រាលីធំជាងគេ នៅអាស៊ី និងធំទី២ លើពិភពលោក បន្ទាប់ពីប្រទេសអូស្ត្រាលី និងមានទីតាំងនៅខេត្តព្រះសីហនុ។  ក្នុង១ម៉ោងកសិដ្ឋាននេះ អាចសំលាប់សត្វគោបានចន្លោះពី៤០ ទៅ៥០ក្បាល ដែលគោ១ក្បាលៗ មានទម្ងន់ពី ៦០០ទៅ១០០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់លើទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសនៅលើទីផ្សារនៅអារ៉ាប់ និងអឺរ៉ុប។

ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារបច្ចេកទេសហាឡាលកម្ពុជា មានប្រសាសន៍ឲ្យកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាល ម៉ាឡេស៊ីឈ្មោះថា ហាឡាល ឌីវីឡុបម៉ែន ខូភើរ៉េសិន បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកសិដ្ឋាន សំឡេះគោអូស្ត្រាលី ក្នុងខេត្តព្រះសីហនុ ដោយមានគម្រោងដាក់ទុនវិនិយោគ ជាមួយម្ចាស់កសិដ្ឋានមួយនេះនូវទំហំទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពក្នុងការផលិតសាច់សម្រាប់នាំចេញទៅក្រៅប្រទេស។

ឯកឧត្តម បានបន្ថែមថា បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីបានចេញនូវអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនូវគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា កាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦រួចមក បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន ពីអ្នកវិនិយោគជាតិ និងអន្តរជាតិលើការងារផលិតអាហារហាឡាលនេះ ដោយពាក្យថាអាហារ “ហាឡាល” ចេញមកពីពាក្យឥស្លាមដែលមានន័យថាជាអាហារដែលស្អាត និងប្រកបដោយអនាម័យ ដោយមានការត្រួតពិនិត្យត្រឹមត្រូវទៅលើការផលិតនិងវេចខ្ចប់។

ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា នាពេលនេះ គណៈប្រតិភូម៉ាឡេស៊ីក្រៅពីបានប្រកាសនូវបំណង ចង់វិនិយោគទុន នៅកសិដ្ឋានសំលាប់សត្វគោយកសាច់ នៅក្នុងខេត្តព្រះសីហនុហើយនោះ ក្រុមហ៊ុននេះក៏បានជួយបណ្តុះបណ្តាលដល់សហគមន៍ឥស្លាមកម្ពុជា លើការគ្រប់គ្រងវិស័យហាឡាលនេះផងដែរ៕