ភាគី​ពាក់ព័ន្ធ​វិស័យ​ស្រូវ​-អង្ករ ​ទទូច​ឲ្យ​មានការ​វិនិយោគ​សង់​ឃ្លាំង​ស្តុក​ទុក​និង​ឡ​សម្ងួត

326

ភ្នំពេញ ៖ វិស័យឯកជនដែលវិនិយោគក្នុងវិស័យស្រូវ-អង្ករ បានទទូចឲ្យមានការវិនិយោគសង់ឃ្លាំងស្តុកទុករួមនឹងឡសម្ងួតឲ្យបានឆាប់ ដើម្បីកុំឲ្យស្រូវរបស់កម្ពុជាពេលប្រមូលផលខូច និងហៀចេញទៅប្រទេសជិតខាង។

ភាគីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករកម្ពុជានៅតែទទូចឲ្យមានការវិនិយោគសង់ឃ្លាំងស្តុកទុករួមនឹងឡសម្ងួតឲ្យបានឆាប់ទប់ស្កាត់កុំឲ្យស្រូវកម្ពុជាហៀចេញទៅប្រទេសជិតខាងនឹងធានាឲ្យតម្លៃស្រូវមានស្ថិរភាពឡើងវិញ។ នេះបើតាម ការអះអាងរបស់តំណាងសហព័ន្ធស្រូវអង្ករ និងមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជនបទ ប្រាប់ នាពេលថ្មីៗនេះ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា កម្ពុជា ពិតជាមានការខ្វះខាតរឿងឃ្លាំងស្តុកទុកស្រូវមែនដោយសារកន្លងមកស្រូវសែនក្រអូបរបស់កម្ពុជា ពិតជាជួបបញ្ហាមែន ដែលបញ្ហានេះ ត្រូវតែមានឃ្លាំងស្តុកទុកស្រូវរួម ដើម្បីឲ្យអ្នកនាំចេញបានទុនបង្វិលទៅប្រមូលទិញស្រូវពីកសិករ។

លោកបានបន្តថា មកទល់ពេលនេះ មិនទាន់មានកន្លែងទុកស្រូវរួមឲ្យបានច្បាស់លាស់នោះទេ ហើយអ្វី ដែលសំខាន់មែនទែននោះ បើមានឃ្លាំងស្តុកទុករួមនោះមិនភ័យ រឿងការផ្គត់ផ្គង់នោះទេ ប៉ុន្តែ សំខាន់កិច្ចការនេះត្រូវតែប្រើពេលវេលា២ ឆ្នាំទៅមុខទៀត ។

លោកបានអះអាងទៀតថា  អ្វីសំខាន់ត្រូវដោះស្រាយចំពោះមុខ ការងារនេះត្រូវចូលរួមពីវិស័យឯកជន ហើយការសង់ឃ្លាំងស្តុកទុកមិនចាំបាច់ធ្វើធំទេ ហើយក្នុងតំបន់មួយត្រូវផ្តើមចេញពីវិស័យឯកជនក្នុងការវិនិយោគ   ព្រោះរោងម៉ាស៊ីននីមួយៗដឹងរឿងនេះ ច្បាស់លាស់។ សម្រាប់ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជាគាំទ្រនូវគំនិតផ្តួចផ្តើម និងគាំទ្រការវិនិយោគពីវិស័យឯកជន ហើយទន្ទឹមនោះ រាជរដ្ឋាភិបាលក៏ត្រូវតែធ្វើការវិនិយោគផងដែរ ។

លោក បានបន្តទៀតថា រាជរដ្ឋាភិបាលគួរតែមានថវិកាខ្លះ ដើម្បីផ្តល់ឥណទានដល់វិស័យកសិកម្ម ហើយខាងសហព័ន្ធស្រូវអង្ករក៏បានចងក្រងរហូតដល់ថ្នាក់ខេត្ត ដើម្បីឲ្យការប្រមូលផលរបស់កសិករមានកន្លែងទុកដាក់នៅឃ្លាំងណាមួយបាន ។

លោក បានបញ្ជាក់ទៀតថា  បើសិនជារាជរដ្ឋាភិបាលមានថវិកាជាកម្ចី ដែលមានការប្រាក់ទាប គឺជារឿងល្អ ហើយសម្រាប់វិស័យឯកជននៅតែគាំទ្រនូវផែនការវិនិយោគ សង់ឃ្លាំងស្តុកទុករួម និងឡសម្ងួត ដើម្បីជួយដល់វិស័យស្រូវអង្ករកម្ពុជានៅឆ្នាំបន្ទាប់ទៀត៕

btvnews(26-01-2017(4))