ប្រជាពលរដ្ឋ ​តវ៉ា​នឹង​អាជីវកម្ម​ខ្សាច់​ដែល​សង្ស័យ​អត់​ច្បាប់ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន

277

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិឃុំ ទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើសុំអន្តរាគមន៍ ពីអាជ្ញាធរខេត្ត ឲ្យជួយទប់ស្កាត់អាជីវកម្មបូមខ្សាច់ ដែលសង្ស័យថា អត់ច្បាប់ និងបង្កបរិស្ថានមិនល្អដល់ទឹក និងបាក់ច្រាំងស្ទឹង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំ ទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានខឹងសម្បារ យ៉ាងខ្លាំង និងតវ៉ាស្នើសុំអន្តរាគមន៍ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត ពីករណីអាជីវកម្មបូមខ្សាច់ដែលសង្ស័យថា អត់ច្បាស់ របស់លោក គុយ រស់ ដែលកំពុងតែធ្វើអាជីវកម្មបូមខ្សាច់នៅតាមដងស្ទឹងក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាប់នឹងព្រំប្រទល់ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដែលកំពុងតែបង្ហូរ កាកសំណល់ធ្វើឲ្យល្អក់ និងរីងទឹកស្ទឹង នឹងធ្វើឲ្យបាក់ច្រាំងស្ទឹង នាពេលខាងមុខ។

ប្រជាពលរដ្ឋ បន្តថា អាជីវកម្មបូមខ្សាច់នេះ គឺជារបស់ លោក គុយ រស់ កំពុងតែបង្ហូរទឹកកាកសំណល់ចូលស្ទឹងបណ្តាលឲ្យល្អក់ទឹក និងរីងខះ ដែលបង្កអោយប៉ះពាល់ដល់ប្រជាពលរដ្ឋនៅភូមិ/ឃុំទឹកជោរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកំពុងតែ អាស្រ័យទឹកស្ទឹងនេះ ជារៀងថ្ងៃ។

ប្រជាពលរដ្ឋអំពាវនាវថា សូមមន្ត្រីជំនាញ និងអាជ្ញាធរស្រុក/ខេត្តទាំង២ ជួយធ្វើអន្តរាគមន៍ ចំពោះករណីធ្វើអាជីវកម្មបូមខ្សាច់របស់ឈ្មោះ គុយ រស់ នេះជាបន្ទាន់ផង បើមិនដូច្នោះទេ ក្រុមគាត់ នឹងឡើងទៅ តវ៉ា ដល់សាលាខេត្តទាំងពីរមិនខាន។

ទាក់ទងនឹងករណីនេះ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ លោក  សុត វឌ្ឍនា  បានប្រាប់តាមទូរស័ព្ទថា ករណីដែលថា មានឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មក្នុងស្ទឹងក្រឡាញ់ ជាប់ព្រំប្រទល់ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងស្រុកក្រឡាញ់ ខេត្តសៀមរាបនោះ លោកមិនទាន់បាននៅឡើយនោះទេ។ តែលោកនឹងបញ្ជូនមន្ត្រី ឲ្យចុះទៅពិនិត្យ វាយតម្លៃថា តើអាជីវកម្មនោះ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែរ ឬយ៉ាងណា?  ហើយតើមានច្បាប់ឬអត់ និងបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដូចជាការប្រើប្រាស់ និងបរិភោគទឹក និងបង្កឲ្យបាក់ដីមាត់ស្ទឹងមែន ឬអត់។

លោក បញ្ជាក់ថា បើអាជីវកម្មនោះ បើកនៅជាប់ព្រំប្រទល់ និងមានប៉ះពាល់ដល់ស្រុកក្រឡាញ់នោះ គឺត្រូវសុំច្បាប់ពីមន្ទីររ៉ែ និងថាមពលខេត្តមន្ទីរ ទើបត្រឹមត្រូវ៕

ksach2 ksach1 ksach3 ksach