សហរដ្ឋ​អាមេរិក​ព្រមាន​កូរ៉េខាងជើង​ដោយ​ឆ្លើយ​តប​សម​ស្រប​ ប្រសិន​បើ​រដ្ឋ​ឯកោ​មួយ​នេះ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​

246

កូរ៉េខាងត្បូង៖ កាលពីថ្ងៃសុក្រលោក ជីម ម៉ាតទីស រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានធ្វើការព្រមានកូរ៉េខាងជើងពីការឆ្លើយតបដ៏សមស្រប និងមានប្រសិទ្ធភាពមួយ បើសិនជាទីក្រុងព្យុងយ៉ាងជ្រើសរើសប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈដែលលោកបានធានាទីក្រុងសេអ៊ូលផងដែរពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិក នៅដំណាច់ដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក។

 

លោក ម៉ាតទីស បានថ្លែងនៅក្រសួងការពារជាតិកូរ៉េខាងត្បូងថា រាល់ការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក ឬប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេនឹងត្រូវបរាជ័យទៅវិញ ហើយរាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងទទួលបានការឆ្លើយតបដ៏សមស្រប និងមានប្រសិទ្ធិបំផុត។ អនុសាសន៍របស់លោក ម៉ាតទីស បានកើតមានឡើងស្របពេលដែលមានក្តីកង្វល់ថា កូរ៉េខាងជើងអាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មី ដែលគេគិតថាវាគឺជាការងារប្រឈមមុនគេសម្រាប់រដ្ឋបាលរបស់លោក ត្រាំ។ សូមបញ្ជាក់ថា កូរ៉េខាងជើងដែលបានគំរាមជាញឹកញាប់ថា នឹងបំផ្លាញប្រទេសកូរ៉េខាងត្បូង និងប្រទេសសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ពួកគេ គឺសហរដ្ឋអាមេរិកនោះបានបាញ់សាកល្បងគ្រាប់មីស៊ីលជាង ២០លើករួចមកហើយកាលពីឆ្នាំមុន ក៏ដូចជាបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ២លើក ដើម្បីផ្គើនទៅនឹងសេចក្ដីសម្រេច និងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕
អត្ថបទ៖ សារ៉ាត់