មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​៖ ​នយោបាយ​បើកចំហ​របស់​កម្ពុជា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​

224

 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាក់ទុកថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០០០មក ដែលនេះ បានបង្ហាញឱ្យឃើញពីទស្សនៈដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្ត្របើកចំហ។

ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា វិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនខ្លាំងជាង១០ ដងចាប់ពីឆ្នាំ២០១២មកហើយ បានបង្ហាញពីអតិផរណាអត្រាប្តូរប្រាក់ ដែលរក្សាបានស្ថិរភាពបង្ហាញពីគម្លាត នៃភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

ឯកឧត្ដម បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាចាប់ពីឆ្នាំ២០០០ដល់២០១៥ ក៏បានមកដោយសារ កត្តាអនុគ្រោះពីសន្តិភាពស្ថិរភាពរបស់ប្រទេសតាមរយៈនយោបាយផ្សះផ្សា និងបង្រួបបង្រួមជាតិ។

ឯកឧត្ដម បន្ថែមថា វិស័យសំខាន់ៗដែលបាននិងកំពុងបន្តអូសកំណើនសេដ្ឋកិច្ចកម្ពុជាថេរប្រចាំឆ្នាំ៧% គឺវិស័យកាត់ដេរសំណង់សេវាកម្មនិងទេសចរណ៍ហើយប្រភពចំណូលដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារតម្លៃបន្ថែមខ្ពស់របស់សង្គមគឺប្រភពចំណូលពីពន្ធដារ ដែលជាប្រភពចំណូលដ៏ធំមួយនេះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ និងប្រតិបត្តិការរដ្ឋបាលផង និងយុត្តិធម៌របស់សង្គម។

ចំណែកទីប្រឹក្សាឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្ដម ម៉ី កល្យាណ បានមានប្រសាសន៍ថាកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានសញ្ញាល្អព្រោះកម្ពុជាជាប្រទេសដែលប្រទាក់ក្រឡាជាមួយអន្តរជាតិទាំងអស់ ហើយពេលតំបន់ចុះមិនចុះធ្ងន់ធ្ងរនោះទេ។

សេដ្ឋវិទូខាងលើ បានសម្តែងនូវសុទិដ្ឋិនិយមថាកម្ពុជានៅតែមានមហិច្ឆតា ដើម្បីការពារខ្សែក្រវ៉ាត់ឲ្យបាន៧%ឡើងទៅហើយត្រូវតែពឹងបន្ថែមទៀតកុំពឹងផ្នែកតែវិស័យសំណង់ទេសចរនិងការនាំចេញ៕